ការនាំចូលសព្វាវុធទៅកាន់តំបន់អឺរ៉ុប កើនឡើងជិតទ្វេដង ក្នុងរយ:ពេល ៥ឆ្នាំចុងក្រោយ

អន្តរជាតិ

យោងតាមក្រុមអ្នកស្រាវជ្រាវ បាននិយាយកាលពីថ្ងៃចន្ទ ទី១១ ខែមីនាកន្លងទៅថា ការនាំចូលអាវុធទៅកាន់តំបន់អឺរ៉ុប បាននកើនឡើងជិតទ្វេដង ក្នុងរយ:ពេល ៥ឆ្នាំចុងក្រោយនេះ ដោយមួយផ្នែកធំ ត្រូវបានរួមចំណែកដោយសារតែបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា អ៊ុយក្រែន បានក្លាយជាប្រទេសនាំចូលអាវុធធំបំផុតទី៤ របស់ពិភពលោក ខណ:ពេលដែលបារាំង បានជំនួសតំណែងរបស់រុស្ស៊ី ក្នុងនាមជាប្រទេសនាំចេញអាវុធធំជាងគេបំផុតទី២ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានបង្ហាញឲ្យដឹងទៀតថា ការនាំចូលអាវុធទៅកាន់តំបន់អឺរ៉ុបបានកើនឡើង ៩៤% គិតចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ បើធៀបទៅនឹងរយៈពេល ៥ឆ្នាំមុន។

របាយការណ៍ពី SIPRI បានកត់សម្គាល់ទៀតថា យ៉ាងហោចណាស់មានប្រទេសចំនួន ៣០ បានផ្គត់ផ្គង់សព្វាវុធសំខាន់ៗ ដូចជាជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពាន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក។

ប៉ុន្តែ​ជាមួយគ្នានោះ ប្រទេស​ក្នុងតំបន់អឺរ៉ុប​ផ្សេងទៀត​ក៏បាន​បង្កើន​ការ​នាំចូលអាវុធ​ផងដែរ ដោយភាគច្រើននាំយក​ពីសហរដ្ឋអាមេរិក ដែលជាប្រទេសនាំចេញ​អាវុធ​លំដាប់​ថ្នាក់លេខ​មួយ​របស់​ពិភពលោក៕