កាលពីពេលថ្មីៗនេះ មហាសេដ្ឋីអាមេរិក Elon Musk បានបង្ហោះសារមួយលើបណ្ដាញសង្គម X ថា បើសិនជាអាមេរិកនៅតែបន្តចាយលុយច្រើនហួសកំណត់ នោះពួកគេប្រាកដជាប្រឈមនឹងការក្ស័យធនជាមិនខាន។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Mint។

ការបង្ហោះសាររបស់លោក Elon Musk គឺជាការចែករំលែកបន្តពីគណនីមួយ ដែលមានមានឈ្មោះថា Wall Street Silver ដែលបានបញ្ចេញទិន្នន័យទាក់ទងនឹងការចាយវាយរបស់រដ្ឋាភិបាល ពោលគឺការប្រមូលពន្ធ ដោយនៅខែកុម្ភៈកន្លងទៅ អាមេរិកប្រមូលពន្ធបាន ១២០ពាន់លានដុល្លារ ក៏ប៉ុន្តែចាយអស់ ៧៦ពាន់លានដុល្លារ សម្រាប់បង់ការប្រាក់លើបំណុលដ៏ច្រើនលើសលប់របស់ខ្លួន។

សារមួយនេះត្រូវបានចែករំលែកពាសពេញបណ្ដាញសង្គម X ដោយមានការជជែកវែកញែកថា មិនយូរទេ បើសិនជារដ្ឋាភិបាលបន្តចាយលុយច្រើនហួសប្រមាណ នោះពន្ធដែលបានប្រមូលក្នុងមួយខែៗ រាប់រយពាន់លានដុល្លារនោះ នឹងត្រូវយកមកចំណាយតែលើការប្រាក់ទាំងអស់ជាមិនខាន ពោលគឺមិនបានយកមកអភិវឌ្ឍន៍ប្រទេសជាតិឡើយ។
សូមជម្រាបដែរថា ការបង្ហោះសាររបស់លោក Elon Musk គឺកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសពីកញ្ចប់ចំណាយសម្រាប់ឆ្នាំ២០២៥ ដែលមានទំហំរហូតដល់ជាង ៧ទ្រីលានដុល្លារ ស្របពេលបំណុលរបស់អាមេរិកក៏បន្តកើនឡើងឥតឈប់ឈរផងដែរ ពោលគិតត្រឹមខែកុម្ភៈឆ្នាំ២០២៤ អាមេរិកកំពុងមានបំណុលជាប់ខ្លួន ប្រហែល ៣៥ទ្រីលានដុល្លារ៕