មហាសេដ្ឋីជួរមុខរបស់ប្រទេសហ្វីលីពីនចំនួន ៥រូប ដែលរកស៊ីលើអាជីវកម្មជាច្រើនដូចជាអចលនទ្រព្យ អាហារ ភេសជ្ជៈ សណ្ឋាគារ និងរមណីយដ្ឋានជាដើមនោះ ហាក់មានការកើនឡើងនូវទំហំទ្រព្យសម្បត្តិរបស់ខ្លួននៅបីខែដំបូងឆ្នាំនេះ ពោលពួកគេកើនទ្រព្យសម្បត្តិបានសរុបរហូតដល់ទៅ ៥,៦ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះដែលគេហទំព័រ Forbes បានចុះផ្សាយពីមហាសេដ្ឋីហ្វីលីពីនគ្រាក់ៗចំនួនប្រាំរូប កើនឡើងនូវទំហំទ្រព្យសម្បត្តិព្រមគ្នា គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤៖
ចូលមកដល់ឆ្នាំថ្មី មហាសេដ្ឋីមានដាច់គេនៅហ្វីលីពីនលោក Manuel Villar ដែលបច្ចុបន្នមានវ័យ ៧៤ឆ្នាំនោះ ត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបចំនួន ១១ពាន់លានដុល្លារកើនឡើងដល់ចំនួន ២,៤ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុន។ បច្ចុន្នលោកគឺជាប្រធានក្រុមហ៊ុន Vista Land & Lifescapes ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំមួយ គ្របដណ្តប់លើឧស្សាហកម្មជាច្រើន រួមទាំងអចលនទ្រព្យលំនៅដ្ឋាន ការលក់រាយ រមណីយដ្ឋាន សណ្ឋាគារ ក្លឹបកម្សាន្ត និងស្បា ម្យ៉ាងវិញទៀតលោក Villar ក៏មានគម្រោងវិនិយោគក្នុងឧស្សាហកម្មទូរទស្សន៍ឥតគិតថ្លៃ កាស៊ីណូ និងសួនកម្សាន្តក្នុងទីក្រុងម៉ានីល រដ្ឋធានីហ្វីលីពីនផងដែរ ខណៈប្រភពនៃកំណើនទ្រព្យសម្បត្តិដ៏មហាសាលរបស់លោកយ៉ាងដូច្នេះ គឺមួយផ្នែកធំបានមកពីការវិនិយោគលើវិស័យអចលនទ្រព្យ។

ជាមួយគ្នាបុរសវ័យ ៦៤ឆ្នាំលោក Enrique Razon Jr គឺជាប្រធានក្រុមហ៊ុនគ្រប់គ្រងកំពង់ផែឈានមុខគេ International Container Terminal Services ដែលត្រូវបានបង្កើតឡើងដោយជីតារបស់លោកតាំងតែពីឆ្នាំ១៩១៦ មកម្លេះ ក្រៅពីនេះលោកក៏បានប្រឡូកខ្លួនទៅក្នុងឧស្សាហកម្មអចលនទ្រព្យ Bloomberry Resorts ខណៈដែលទ្រព្យសម្បត្តិរបស់ Enrique វិញបានកើនឡើងពី ៧,៣ពាន់លានដុល្លារកាលពីឆ្នាំមុនមកដល់ចំនួន ១០ពាន់លានដុល្លារនៅឆ្នាំនេះ។

ចំណែកឯម្នាក់ទៀត លោក Ramon Ang មានទ្រព្យសម្បត្តិចំនួន ៣,៥ពាន់លានដុល្លារកើនឡើង ១០០លានដុល្លារបើធៀបនឹងឆ្នាំ២០២៣ ។ បុរសមានវ័យ ៧០ឆ្នាំរូបនេះ បច្ចុបន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុនសាជីវកម្ម San Miguel ដែលជាក្រុមហ៊ុនមានវ័យចំណាស់មួយរបស់ប្រទេស ។ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មដំបូងជាក្រុមហ៊ុនផលិតស្រាបៀរ ហើយបន្តបន្ទាប់មកបានពង្រីកខ្លួនបន្តិចម្តងៗ ក្លាយជាអ្នកដឹកនាំទីផ្សារនៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ រួមទាំងថាមពល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ មហាសេដ្ឋីជំនួញ Lucio Tan ដែលមានវ័យ ៨៩ឆ្នាំទៅហើយនោះ ក៏មានការកើនឡើងទ្រព្យសម្បត្តិពីឆ្នាំមុន ១០០លានដុល្លារដូចគ្នា ពោលនាពេលបច្ចុបន្នលោកមានទ្រព្យសម្បត្តិសរុបចំនួន ២,៦ពាន់លានដុល្លារ។ លោក Tan ចាប់ផ្តើមអាជីពដំបូងជាមួយក្រុមហ៊ុនផលិតស្រាបៀរ Asia Brewery ក្នុងឆ្នាំ១៩៨២ ក្រោយមកលោកក៏បានបង្កើតក្រុមហ៊ុន LT Group ដែលមាន Asia Brewery ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ។ ចាប់ពីពេលនោះមក គាត់បានវិនិយោគលើជំនួញថ្នាំជក់ ស្រា ភេសជ្ជៈ ធនាគារ និងការអភិវឌ្ឍន៍អចលនទ្រព្យ។

ចុងក្រោយគេគឺបុរសវ័យ ៦៨ឆ្នាំលោក Hans Sy រួមជាមួយបងប្អូនចំនួនប្រាំនាក់បានទទួលមរតកពីក្រុមហ៊ុន SM Investments និងបានមកពីកេរ្តិ៍អាកររបស់ឪពុកខ្លួនលោក Henry Sy Sr ។ លោក Hans Sy បានបម្រើការជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន SM Prime ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ SM Investments ។ ក្រុមហ៊ុន SM Investments ដើមឡើយជាហាងលក់ស្បែកជើងតូចមួយដែលមានឈ្មោះថា ShoeMart ក្នុងទីក្រុងម៉ានីល។ ក្រោយមកទៀត វាបានពង្រីកខ្លួនទៅជាក្រុមហ៊ុនធំជាងគេនៅក្នុងប្រទេស ជាមួយនឹងការវិនិយោគលើវិស័យជាច្រើន រួមទាំងបដិសណ្ឋារកិច្ច អចលនទ្រព្យ ការលក់រាយ និងធនាគារ។ យ៉ាងណាបើងាកមកលម្អិតអំពីទំហំទ្រព្យសម្បត្តិវិញ លោក Sy បានកើនឡើងទ្រព្យសម្បត្តិប្រមាណ ២០០លានដុល្លារនៅឆ្នាំនេះ ដែលជាហេតុនាំឲ្យលោកមានទ្រព្យសម្បត្តិសរុបចំនួន ២,៦ពាន់លានដុល្លារ៕
