ដោយផ្អែកតាមស្ថិតិកាលពីក្នុងឆ្នាំ២០២២ ការនាំចេញស្មាតហ្វូនរបស់វៀតណាមបានឈានដល់ចំនួន១២% ឯណោះនៃចំណែកទីផ្សាររបស់ពិភពលោក ខណៈនាពេលបច្ចុបន្ននេះ វៀតណាមនៅតែជាប្រទេសដែលនាំចេញស្មាតហ្វូន ដ៏ធំបំផុតលំដាប់ទីពីររបស់ពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
អគ្គនាយកដ្ឋានគយវៀតណាមបានលើកឡើងថា តម្លៃនៃការនាំចេញទូរសព្ទ និងគ្រឿងបន្លាស់គ្រប់ប្រភេទរបស់វៀតណាមទៅកាន់ទីផ្សារពិភពលោក នៅក្នុងខែមករា ឆ្នាំ២០២៤ បានឈានដល់ចំនួន ៥,៥ពាន់លានដុល្លារកើនឡើង៥០,៤% បើធៀបនឹងខែធ្នូ ឆ្នាំ២០២៣ ហើយស្មើនឹងការកើនឡើង១១,៤% ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងនោះផងដែរ សហរដ្ឋអាមេរិក និងចិនបានក្លាយជាអតិថិជនដែលប្រើប្រាស់ទូរសព្ទ ក៏ដូចជាគ្រឿងបន្លាស់ដ៏ធំជាងគេបំផុតរបស់វៀតណាម តួយ៉ាងការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកក្នុងខែមករាសម្រេចបានចំនួន ១,៣៩ពាន់លានដុល្លារដែលស្មើនឹង២៥% ស្របពេលដែលការនាំចេញទៅកាន់ប្រទេសចិនវិញមានចំនួន ៧៣៤លានដុល្លារឬស្មើនឹង១៣% ។
ម្យ៉ាងវិញទៀត បើសិនជាសរុបទំហំនៃការនាំចេញទូរសព្ទ និងគ្រឿងបន្លាស់ទៅក្រៅប្រទេសក្នុងឆ្នាំ២០២៣ វិញមានចំនួន ៥២,៣ពាន់លានដុល្លារ តែយ៉ាងណាវាបានធ្លាក់ចុះ៩,៧% បើធៀបនឹងឆ្នាំ២០២២ ដោយក្នុងនោះផលិតផលទូរស័ព្ទ និងគ្រឿងបន្លាស់ទទួលបានការនាំចេញច្រើនជាងគេលំដាប់ទីពីរ បន្ទាប់ពីផលិតផលកុំព្យូទ័រ ក៏ដូចជាគ្រឿងអេឡិចត្រូនិក។
អគ្គនាយកដ្ឋានគយក៏បានបង្ហាញទៀតថា កាលពីក្នុងឆ្នាំ២០១០ ការនាំចេញគ្រឿងបន្លាស់ទូរសព្ទមានត្រឹមតែ៣,២% ប៉ុណ្ណោះនៃតម្លៃនាំចេញសរុបរបស់ជាតិ ប៉ុន្តែក្នុងអំឡុងឆ្នាំ២០១១ ដល់ឆ្នាំ២០២១ ផលិតផលអេឡិចត្រូនិកទទួលបានអត្រាកំណើនប្រចាំឆ្នាំជាមធ្យមរហូតដល់ទៅ៣៤% នៃតម្លៃនាំចេញ។
លើសពីនោះ វៀតណាមនាពេលបច្ចុបន្នជាទិសដៅដ៏ទាក់ទាញមួយ សម្រាប់ក្រុមហ៊ុនធំៗនៅក្នុងឧស្សាហកម្មទូរសព្ទ និងគ្រឿងបន្លាស់ពិភពលោក ដោយរាប់ទាំងក្រុមហ៊ុន Apple ផងដែរ ដ្បិតអីនាពេលបច្ចុប្បន្ន អ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple ប្រហែល២៥ បាននិងកំពុងកំណត់ទីតាំងរោងចក្ររបស់ពួកគេក្នុងប្រទេសវៀតណាម៕