ប្រទេសថៃ បានដាក់ក្តីរំពឹងទុកខ្ពស់ថាការនាំចេញអង្កររបស់ខ្លួន ទៅកាន់ទីក្រុងហុងកុង និងប្រទេសចិន នឹងមានការកើនឡើងខ្ពស់នៅឆ្នាំនេះ ដោយសារតែការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ពិភពលោក និងចំណង់ចំណូលចិត្តទៅលើអង្ករដែលមានគុណភាពខ្ពស់។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។
បន្ទាប់ពីមានជំនួបជាមួយ លោក Kenneth Chan ប្រធានសមាគមអ្នកជំនួញអង្ករហុងកុង និងជានាយកប្រតិបត្តិមកពីក្រុមហ៊ុន China Merchants Godown, Wharf & Transportation Co ក្នុងពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai បាននិយាយថា ប្រទេសថៃមានគោលនយោបាយពិសេសមួយឈ្មោះ R&D ដើម្បីអភិវឌ្ឍទៅលើគុណភាពអង្ករស្របតាមតម្រូវការរបស់គ្រប់ក្រុមអតិថិជន ក៏ដូចជាការរក្សាស្តង់ដារ ដើម្បីធ្វើឲ្យអង្ករថៃ អាចប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោកបាន។
គួរឲ្យដឹងផងដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ទីក្រុងហុងកុង ត្រូវបានគេព្យាករទុកថា នឹងធ្វើការនាំចូលអង្ករពីប្រទេសថៃ ក្នុងចំនួនប្រហែល ១៨០ ០០០ តោន ពោលគឺកើនឡើងពីចំនួន ១៥០ ០០០ តោន កាលពីឆ្នាំមុន ដែលភាគច្រើនជាប្រភេទអង្ករផ្កាម្លិះរបស់ថៃ។
កាលពីឆ្នាំមុន ហុងកុងបាននាំចូលអង្ករសរុបចំនួន ២៥៧ ២០០ តោន ដោយក្នុងនោះមាន ១៤៨ ០០០ តោន (៥៧,៧%) នាំចូលពីប្រទេសថៃ , ៦០ ១០០ តោន (២៣,៤%) ពីប្រទេសវៀតណាម និង ២១ ២០០ តោន ៨,២%) ពីប្រទេសចិន។
ទន្ទឹមនឹងនេះ សមាគមពាណិជ្ជករអង្ករហុងកុង បានធ្វើការបញ្ជាក់ទៀតថា ខ្លួននឹងបន្តនាំចូលអង្ករពីប្រទេសថៃ ដោយសារតែខ្លួនមានទំនុកចិត្តខ្ពស់ទៅលើគុណភាព និងស្តង់ដារនៃអង្កររបស់ថៃ៕