រដ្ឋាភិបាលទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ទី១៣ ខែមីនាកន្លងទៅនេះ បានធ្វើការព្រមានទៅកាន់សហរដ្ឋអាមេរិកថា ពួកគេនឹងមានតែផ្លូវខាតប៉ុណ្ណោះ បើនៅតែមានគម្រោងក្នុងការបិទមិនឲ្យប្រើប្រាស់កម្មវិធី TikTok ទៀតនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ជុំវិញការព្រមានបែបនេះ បានកើតឡើងបន្ទាប់ពីសភាតំណាងរាស្រ្តអាមេរិក គ្រោងនឹងធ្វើការបោះឆ្នោតទៅលើញ្ញត្តិមួយ ដើម្បីបង្ខំឲ្យក្រុមហ៊ុនខ្នាតយក្សរបស់ចិន ByteDance លក់កម្មវិធី TikTok របស់ខ្លួនមកឲ្យសហរដ្ឋអាមេរិក ឬមួយត្រូវបិទចោលទាំងស្រុងនៅក្នុងទឹកដីសហរដ្ឋអាមេរិកតែម្តង។
ជុំវិញច្បាប់ថ្មីនេះ ហាក់ដូចជាការគម្រាមកំហែងដ៏ធំបំផុតចំពោះកម្មវិធីចែករំលែកវីដេអូកម្សាន្ត ដែលបានកើនឡើងប្រជាប្រិយភាពយ៉ាងសម្បើម នៅទូទាំងពិភពលោក ខណ:ពេលកន្លងមកអាមេរិកតែងធ្វើការចោទប្រកាន់ថា កម្មវិធី TikTok នេះ បានលួចតាមដាន និងផ្តល់ទិន្នន័យសំខាន់ៗរបស់ពលរដ្ឋអាមេរិក ទៅឲ្យរដ្ឋាភិបាលចិន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយបានឆ្លើយតបនៅមុនពេលមានការបោះឆ្នោតនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានធ្វើការថ្កោលទោសពេញទំហឹង ចំពោះបម្រាមដែលបានស្នើឡើងដោយសភាអាមេរិកនេះ។
មិនតែប៉ុណ្ណោះ លោក Wang បាននិយាយថា ៖”ទោះបីជាសហរដ្ឋអាមេរិកមិនបានរកឃើញភស្តុតាងណាមួយដែលបានបញ្ជាក់ថា TikTok ផ្តល់ការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែពួកគេមិនបានបញ្ឈប់ការបង្ក្រាបទៅលើ TikTok នោះទេ” ។
លោក Wang បានបន្ថែមទៀតថា ៖ “អាកប្បកិរិយាគម្រាមបែបនេះហាក់មិនបានផ្តល់ការប្រកួតប្រជែអដោយយុត្តិធម៌ចំពោះអាជីវកម្មនោះឡើយ ហើយវាបានបំផ្លាញទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិ រួមទាំងបានបំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ដៃគូវិនិយោគបរទេសផងដែរ។ ខ្ញុំគិតថា នៅទីបំផុត វាមានតែផ្លូវខាតតែប៉ុណ្ណោះ សម្រាប់សហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់ ដោយចៀសមិនរួច” ៕