មហាសេដ្ឋីគ្រាក់ៗលំដាប់ជួរមុខរបស់ប្រទេសសិង្ហបុរីចំនួនប្រាំរូប ដែលរកស៊ីលើវិស័យជាច្រើនប្រភេទដូចជា អាជីវកម្មផលិតឧបករណ៍វេជ្ជសាស្ត្រ ថ្នាំពណ៌ ក៏ដូចជាអចលនទ្រព្យជាដើមនោះ កំពុងតែសំងំគ្រប់គ្រង់ទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹក ពោលអ្នកមានដាច់គេនៅសិង្ហបុរីទាំងប្រាំរូប មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ៥០ពាន់លានដុល្លារ។

ផ្អែកតាមគេហទំព័រ Forbes ដោយគិតត្រឹមថ្ងៃទី១៣ ខែមីនា ខាងក្រោមនេះគឺសុទ្ធសឹងតែជាមហាសេដ្ឋីទាំងប្រាំរូប ដែលមានទ្រព្យសម្បត្តិច្រើនដាច់គេប្រចាំប្រទេសសិង្ហបុរី៖
ក្នុងវ័យ ៧៣ឆ្នាំលោក Li Xiting ជាមហាសេដ្ឋីមានដាច់គេនៅសិង្ហបុរី និងជាមហាសេដ្ឋីមានដាច់គេស្ថិតនៅលេខរៀងទី១១៩ របស់ពិភពលោក ដ្បិតអីនាពេលបច្ចុបន្នលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១៥,៧ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុនរកស៊ីផលិតឧបករណ៍វេជ្ជសាស្ត្រ Mindray ដែលលោកបានបង្កើតឡើងកាលពីក្នុងឆ្នាំ១៩៩១ នាទីក្រុង Shenzhen ខណៈសព្វថ្ងៃ Mindray មានបុគ្គលិកបម្រើការចំនួន ១៧ ០០០នាក់ ស្របពេលដែលផលិតផលរបស់ខ្លួនបានដាក់លក់ដល់ទៅជាង ១៩០ប្រទេសហើយនៅជុំពិភពលោក។

ជាមួយគ្នាលោក Goh Cheng Liang ដែលមានវ័យ ៩៧ឆ្នាំទៅហើយនោះ ក៏ជាមហាសេដ្ឋីមួយរូបដែលមានទ្រព្យសម្បត្តិច្រើនដាច់គេលំដាប់ទីពីរនៅសិង្ហបុរីផងដែរ ពោលលោក Liang មានទ្រព្យចំនួន ១២,៤ពាន់លានដុល្លារ ខណៈដែលគាត់គឺជាអ្នកកាន់កាប់ភាគហ៊ុនច្រើនជាងគេ នៅក្នុងក្រុមហ៊ុនផលិតថ្នាំលាបដ៏ធំបំផុតលំដាប់ទីបួនរបស់ពិភពលោក Nippon Paint Holdings ។ សូមជម្រាបថា កាលពីអំឡុងឆ្នាំ១៩៥៥ លោកបានបង្កើតហាងលក់ថ្នាំពណ៌នៅក្នុងប្រទេសសិង្ហបុរី ហើយនៅឆ្នាំ១៩៦២ ថ្នាំលាប Nippon បានក្លាយជាអ្នកចែកចាយដ៏ចម្បងបំផុតនៅក្នុងទីផ្សារ។

ចំណែកឯបុរសវ័យ ៦៥ឆ្នាំលោក Philip Ng កំពុងជាប់ចំណាត់ថ្នាក់លេខបី ខណៈសព្វថ្ងៃលោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ៧,២ពាន់លានដុល្លារ តាមពីក្រោយដោយបងប្រុសបង្កើតដែលកំពុងជាប់ចំណាត់ថ្នាក់លេខបួននៅក្នុងបញ្ជី មានឈ្មោះថាលោក Robert វ័យ ៧២ឆ្នាំ និងមានទ្រព្យសម្បត្តិចំនួន ៧,១ពាន់លានដុល្លារ។ អ្នកពីរជាអ្នកគ្រប់គ្រងអង្គការ Far East ដែលជាម្ចាស់ដីឯកជនដ៏ធំបំផុតរបស់ប្រទេស ដោយក្នុងនោះមានលោក Philip ជាប្រធាន និងជានាយកប្រតិបត្តិ ដោយមើលការខុសត្រូវលើអាជីវកម្មនៅសិង្ហបុរី ខណៈដែលលោក Robert វិញមានតួនាទីគ្រប់គ្រងក្រុមហ៊ុន Hong Kong Arm Sino Group ជាមួយនឹងកូនប្រុសបង្កើត។

ចុងក្រោយគេបង្អស់នោះគឺមហាសេដ្ឋីវ័យ ៧៩ឆ្នាំលោក Jason Chang ដែលសព្វថ្ងៃជាប្រធានក្រុមហ៊ុន Advanced Semiconductor Engineering ។ មិនត្រឹមតែប៉ុណ្ណោះលោក និងបងប្រុសបង្កើតដែលមានឈ្មោះថា Richard ក៏ជាអ្នកវិនិយោគដ៏លេចធ្លោនៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យពាណិជ្ជកម្ម Sino Horizon Holding ផងដែរ ខណៈនាពេលបច្ចុបន្ននេះវិញ លោក Chang មានទ្រព្យសម្បត្តិសរុបចំនួន ៦,៥ពាន់លានដុល្លារ៕
