បច្ចុបន្នបើនិយាយអំពីអ្នកមានដាច់គេនៅលើពិភពលោក ប្រាកដណាស់នឹងនឹកដល់មហាសេដ្ឋីលោក Bernard Arnault លោក Jeff Bezos ក៏ដូចជាលោក Elon Musk ជាដើម។ ចុះមានឆ្ងល់ទេ ថាតើអ្នកទាំងបីរូបខាងលើចាយវាយទ្រព្យសម្បត្តិដ៏មហាសាលរបស់ខ្លួន ទៅលើសម្ភារៈនិយម ជាពិសេសនោះទៅលើនាឡិកាដៃប្រណីតៗរបស់ពួកគេយ៉ាងដូចម្តេច?

ខាងក្រោមនេះ គឺជានាឡិកាដៃប្រណីតៗរបស់មហាសេដ្ឋីមានបំផុតនៅលើពិភពលោកទាំងបីរូប ដោយផ្អែកតាមការចុះផ្សាយពីសារព័ត៌មាន VN Express ៖
១. ស្ថាបនិកក្រុមហ៊ុន LVMH លោក Bernard Arnault ថ្មីៗនេះគេឃើញលោកមានពាក់នាឡិកាដៃប្រភេទ Tiffany Patek Philippe Nautilus 5740 ដែលជាម៉ូឌែលត្រូវបានគេផលិតឡើងដោយមានកំណត់ ហើយត្រូវបានចេញលក់កាលពីខែធ្នូ ឆ្នាំ២០២១ ជាមួយនឹងតម្លៃ ៦,៥លានដុល្លារនៅក្នុងការដេញថ្លៃ។ ម្យ៉ាងវិញទៀត លោក Bernard Arnault ក៏មាននូវប្រភេទនាឡិកាដៃថ្លៃៗ និងប្រណីតៗជាច្រើនផ្សេងទៀតរួមមាន Tag Heuer, Hublot និង Dior ផងដែរ។

២. ស្ថាបនិកក្រុមហ៊ុនយក្ស Amazon លោក Jeff Bezos ត្រូវបានគេប្រទះឃើញថា លោកកំពុងពាក់នាឡិកាដៃប្រភេទ Ulysse Nardin Dual Time អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈម៉ូឌែលនេះត្រូវបានក្រុមហ៊ុនឈប់ផលិតតទៅទៀតហើយ ក៏ប៉ុន្តែយើងអាចប្រហាក់ប្រហែលបានថា វាមានតម្លៃខ្ទង់ ១២ ៩០០ដុល្លារ នេះបើយោងតាមគេហទំព័រ Business Insider ។

៣. លោក Elon Musk ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ត្រូវបានគេមើលឃើញជាធម្មតាថា លោកតែងតែពាក់នាឡិកាដៃប្រភេទ Richard Mille 029 ដែលមានតម្លៃប្រហែល ២៥០ ០០០ដុល្លារ ម្យ៉ាងវិញទៀតលោកក៏មាននាឡិកាដៃប្រភេទ TAG Heuer Carrera Calibre 1887 SpaceX Chronograph ដែលជានាឡិកាដៃត្រូវបានរចនាឡើង តាមរយៈការសហការរួមគ្នាជាមួយក្រុមហ៊ុន Space X ផងដែរ៕
