ទីភ្នាក់ងារសារព័ត៌មាន Xinhua បានចុះផ្សាយថា នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីថ្មី ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា នៅតាមការិយាល័យជាង ៩០ ០០០កន្លែង គេហាក់ឃើញមានពលរដ្ឋរុស្ស៊ីជាច្រើន បានសម្រុកទៅបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតី ដែលខ្លួនពេញចិត្តនៅថ្ងៃដំបូងនេះ។

ក្នុងនោះបេក្ខភាពដែលឈរឈ្មោះប្រជែងតំណែងគឺមានដូចជាលោក Vladimir Putin ដែលជាប្រធានាធិបតីកំពុងតែកាន់អំណាចនាពេលបច្ចុបន្ន លោក Leonid Slutsky ដែលមកពីគណបក្សប្រជាធិបតេយ្យសេរី លោក Nikolai Kharitonov មកពីគណបក្សកុម្មុយនិស្តរុស្ស៊ី និងលោក Vladislav Davankov មកពីគណបក្សប្រជាជនថ្មី។
ដោយយោងតាមទិន្នន័យដែលចេញផ្សាយដោយ គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់រុស្ស៊ីបានលើកឡើងថា ពលរដ្ឋរុស្ស៊ីប្រហែល ១១០លាននាក់សុទ្ធសឹងតែមានសិទ្ធិបោះឆ្នោត។ ជាមួយគ្នានោះ គណៈកម្មាធិការនឹងបញ្ជាក់លទ្ធផលបោះឆ្នោតមិនឲ្យលើសពីថ្ងៃទី២៨ ខែមីនា ហើយនឹងប្រកាសលទ្ធផលក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីក្រោយការបញ្ជាក់។
គួរជម្រាបបន្ថែមថា នៅក្រោមបទប្បញ្ញត្តិនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី បេក្ខជនដែលទទួលបានសម្លេងឆ្នោតលើសពី៥០% នឹងទទួលបានជ័យជម្នះ ក៏ប៉ុន្តែប្រសិនបើក្នុងករណីដែលមានបេក្ខជនលើសពីពីរនាក់ ហើយគ្មាននរណាម្នាក់ទទួលបានសម្លេង៥០% នៃសន្លឹកឆ្នោតទនោះ គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតនឹងប្រកាសការបោះឆ្នោតនៅជុំទីពីរ ហើយបេក្ខជនណាមួយដែលមានសម្លេងគាំទ្រច្រើនជាងគេនៅក្នុងជុំទីពីរ នឹងត្រូវជាប់ឆ្នោតជាប្រធានាធិបតី៕