ក្រុមហ៊ុនផលិតអាវុធខ្នាតយក្សរបស់អាល្លឺម៉ង់ Rheinmetall បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនាកន្លងទៅថា ខ្លួនគ្រោងនឹងសាងសង់រោងចក្រថ្មីយ៉ាងហោចណាស់ចំនួន ៤ នៅក្នុងប្រទេសអ៊ុយក្រែន ខណៈពេលដែលខ្លួនកំពុងកំណត់គោលដៅលក់ឲ្យបានចំនួន ១០ពាន់លានអឺរ៉ូ (១០,៩ពាន់លានដុល្លារ) ក្នុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
បញ្ហាសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ហាក់បានជំរុញដល់ឧស្សាហកម្មសព្វាវុធរបស់អាល្លឺម៉ង់យ៉ាងខ្លាំង ខណៈដែលប្រទេសនានាផ្សេងទៀត ក៏កំពុងស្វែងរកការទិញចូលអាវុធបន្ថែមផងដែរ ដោយសារតែបានប្រឈមមុខជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសរុស្ស៊ី និងបានធ្វើឲ្យតម្រូវពីការលក់អាវុធរបស់ក្រុមហ៊ុន Rheinmetall មានការកើនឡើងខ្លាំងកាលពីឆ្នាំមុន។
យ៉ាងណាមិញ ជុំវិញផែនការថ្មីក្នុងការសាងសង់រោងចក្រ នៅក្នុងប្រទេសអ៊ុយក្រែន ក្រុមហ៊ុន Rheinmetall បានបញ្ចាក់ថា ទីនោះនឹងក្លាយជាកន្លែងសម្រាប់ផលិតសព្វាវុធធ្វើសង្គ្រាមជាច្រើនប្រភេទ ដូចជាគ្រាប់ផ្លោង យានយន្តយោធា រំសេវគ្រាប់កាំភ្លើង និងអាវុធប្រឆាំងយន្តហោះ ជាដើម។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Rheinmetall លោក Armin Papperger បាននិយាយនៅក្នុងបទបង្ហាញអំពីលទ្ធផលសរុបក្នុងឆ្នាំ២០២៣ របស់ក្រុមហ៊ុនថា ៖”ឥឡូវនេះអ៊ុយក្រែន គឺជាដៃគូដ៏សំខាន់មួយសម្រាប់យើង ដោយទីនោះយើងបានមើលឃើញពីសក្តានុពលក្នុងការលក់ ចន្លោះពី ២ទៅ៣ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំ” ។
ជម្រាបជូនផងដែរថា ក្រុមផលិតអាវុធដែលមានមូលដ្ឋាននៅទីក្រុង Duesseldorf បានរាយការណ៍ពីប្រាក់ចំណូលសរុបចំនួន ៧,២ពាន់លានអឺរ៉ូកាលពីឆ្នាំមុន ស្របពេលបច្ចុប្បន្នក្រុមហ៊ុន កំពុងដាក់គោលដៅធំដើម្បីឈានដល់ការលក់ឲ្យបានចំនួន ១០ពាន់លានអឺរ៉ូ នៅឆ្នាំ២០២៤ នេះ៕