ក្រោយពីការបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតីរុស្ស៊ីបានចប់រួចរាល់កាលពីថ្ងៃទី១៧ ខែមីនា គេហាក់មើលឃើញលទ្ធផលបឋមថា លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានប្រជាពលរដ្ឋរុស្ស៊ីបោះឆ្នោតឲ្យយ៉ាងច្រើនសន្ធឹក និងកំពុងតែត្រៀមខ្លួនបន្តកាន់តំណែងតទៅមួយអាណត្តិទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
ផ្អែកតាមការស្ទង់មតិចេញផ្សាយដោយអ្នកស្ទង់មតិសាធារណៈ (FOM) បានឲ្យដឹងថា លោកពូទីន បានទទួលសំឡេងគាំទ្រចំនួ៨៧,៨% ដែលជាលទ្ធផលមួយមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រក្រោយសម័យសូវៀតរបស់រុស្ស៊ី។ ជាមួយគ្នានោះ បេក្ខភាពមកពីគណបក្សកុម្មុយនិស្តលោក Nikolai Kharitonov ស្ថិតនៅលេខរៀងទី២ ដែលមានសន្លឹកឆ្នោតតិចជាង៤% ខណៈអ្នកនយោបាយជើងថ្មីលោក Vladislav Davankov មកពីគណបក្សប្រជាជនថ្មីស្ថិតនៅលេខរៀងទីបី ហើយចំណែកអ្នកនយោបាយមកពីគណបក្សប្រជាធិបតីសេរីលោក Leonid Slutsky វិញទទួលបានសន្លឹកឆ្នោតតិចជាងគេ។
គួរជម្រាបថា ចំនួនពលរដ្ឋរុស្ស៊ីទៅបោះឆ្នោតនៅទូទាំងប្រទេសមានចំនួន៧៤,២២% ខណៈដែលវាលើសពីកម្រិតកាលពីក្នុងឆ្នាំ២០១៨ ដែលមានត្រឹមចំនួន៦៧,៥% នេះបើតាមមន្ត្រីបោះឆ្នោតរុស្ស៊ីបានធ្វើការលើកឡើង។
មិនត្រឹមតែប៉ុណ្ណោះ គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់រុស្ស៊ី នឹងបញ្ជាក់លទ្ធផលបោះឆ្នោតជាផ្លូវការមិនឲ្យលើសពីថ្ងៃទី២៨ ខែមីនា ហើយនឹងប្រកាសលទ្ធផលក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីក្រោយការបញ្ជាក់៕