អាជ្ញាធរអាមេរិកកំពុងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ ទៅលើមហាសេដ្ឋីឥណ្ឌា Gautam Adani និងក្រុមហ៊ុន Adani Group ដោយបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងករណីស៊ីសំណូក។ នេះបើតាការចុះផ្សាយពីគេហទំព័រ Nairametrics។
ការស៊ើបអង្កេតនេះ គឺផ្ដោតសំខាន់លើការស្រាវជ្រាវរកមើលថា តើបុគ្គលណាម្នាក់នៅក្នុងក្រុមហ៊ុន Adani Group រាប់បញ្ចូលទាំងស្ថាបនិក Gautam Adani ផង មានបានសូកប៉ាន់មន្ត្រីឥណ្ឌា សម្រាប់ការដេញថ្លៃអភិវឌ្ឍគម្រោងថាមពលខ្នាតយក្សដែរឬយ៉ាងណា?
ជាមួយគ្នា ក្រុមហ៊ុន Adani Group គឺបានឆ្លើយតបថា ពួកគេមិនបានដឹងពីរឿងរ៉ាវនេះឡើយ ហើយក៏យល់ព្រមសហការជាមួយអាជ្ញាធរអាមេរិកឲ្យបានល្អបំផុត ដើម្បីលុបបំបាត់អំពើពុករលួយទាំងនៅប្រទេសឥណ្ឌា និងនៅក្រៅប្រទេស។
គួររំលឹកបន្តិចថា ក្រុមហ៊ុន Adani Group ហាក់ជួបរឿងមិនចេះចប់មិនចេះហើយ ពោលកាលពីឆ្នាំទៅទើបនឹងរងគ្រោះ ដោយសារការចោទប្រកាន់ពីក្រុមហ៊ុនស្រាវជ្រាវអាមេរិក Hindenburg ពាក់ព័ន្ធនឹងការក្លែងបន្លំទិន្នន័យផ្សារហ៊ុន ដែលធ្វើឲ្យមានការខាតបង់រាប់រយពាន់លានដុល្លារ ឥឡូវនេះត្រូវមកជួបនឹងការចោទប្រកាន់ថ្មី ពាក់ព័ន្ធនឹងករណីស៊ីសំណូកសូកប៉ាន់ ដែលកំពុងស្ថិតក្នុងការស៊ើបអង្កេតថែមទៀត៕