កាលពីព្រឹកថ្ងៃចន្ទ លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយ នៅឯទីស្នាក់ការកណ្តាលបក្សក្នុងទីក្រុងម៉ូស្គូថា ទំនាក់ទំនងរវាងរុស្ស៊ី និងប្រទេសចិន កំពុងបន្តមានភាពរឹងមាំ និងមានស្ថិរភាពបំផុត បន្ទាប់ពីលោកទទួលបានសម្លេងគាំទ្រដាច់គេ ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងពេលកន្លងទៅនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន GCTN។
លោក ពូទីន ក៏បាននិយាយបន្ថែមទៀតថា ទំនាក់ទំនងរវាងរុស្ស៊ី-ចិន បាននិងកំពុងដំណើរការទៅយ៉ាងល្អ ក្នុងរយៈពេលពីរទស្សវត្សកន្លងមកនេះ ហើយវានៅតែមានភាពរឹងមាំ និងកាន់តែប្រសើរឡើងបន្ថែមទៀត។
“ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺផលប្រយោជន៍ជាតិរបស់យើងដើរទៅលើផ្លូវតែមួយដូចគ្នា ហើយកត្តានេះហើយ បានបង្កើតបរិយាកាសអំណោយផលសម្រាប់ការដោះស្រាយកិច្ចការរួមរបស់ប្រទេសយើងទាំងពីរ និងក្នុងផ្នែកនៃទំនាក់ទំនងអន្តរជាតិ ដោយសារតែទំនាក់ទំនងរវាងរុស្ស៊ី និងចិន បានដើរតួយ៉ាងសំខាន់ក្នុងនាមជាកត្តានៃស្ថិរភាព”។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ពូទីន។
គួរឲ្យដឹងថា លោក ពូទីន ទទួលបានសំឡេងឆ្នោតគាំទ្រប្រមាណ ៨៧,៣១% ពីការបោះឆ្នោតជាសកល បន្ទាប់ពី ៩៩,៧% នៃសន្លឹកឆ្នោតសរុបទាំងអស់ត្រូវបានរាប់។ នេះបើយោងតាមទិន្នន័យទទួលបានពីគណ:កម្មាធិការកណ្តាលនៃការបោះឆ្នោត (CEC) របស់រុស្ស៊ី។
ជម្រាបជូនផងដែរថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី រយៈពេលបីថ្ងៃ ដោយចាប់ផ្តើមកាលពីថ្ងៃសុក្រ សប្តាហ៍មុន ហើយតាមរយ:ជ័យជម្នះនេះ ធ្វើឲ្យលោក ពូទីន នឹងត្រូវបន្តកាន់តំណែងជាប្រធានាធិបតី រយ:ពេល ៦ឆ្នាំបន្ថែមទៀត៕