លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បាននិយាយកាលពីចុងសប្ដាហ៍មុនថា លោកតែងតែគិតដល់ការលាឈប់ពីមុខតំណែងជានាយករដ្ឋមន្ត្រីសឹងរាល់ថ្ងៃ ដោយសារតែវាមានសម្ពាធខ្លាំង ក៏ប៉ុន្តែមិនអាចធ្វើបានឡើយ ពោលគឺរង់ចាំដល់ថ្ងៃបោះឆ្នោតនាឆ្នាំក្រោយ។
“ខ្ញុំមិនអាចធ្វើអ្វីដែលខ្ញុំចង់ធ្វើទេ ហើយដល់ដំណាក់កាលនេះខ្ញុំលែងមានកម្លាំងធ្វើរឿងទាំងនេះទៀតហើយ។ វាពិតជាមានសម្ពាធខ្លាំង ហើយខ្ញុំគិតរាល់ថ្ងៃអំពីការលាឈប់ ដ្បិតខ្ញុំលះបង់ច្រើនណាស់ ដើម្បីតំណែងមួយនេះ តែគ្មានបានអ្វីមកវិញទាល់តែសោះ”។ នេះបើតាមសម្ដីរបស់លោក Justin បានប្រាប់ទៅកាន់វិទ្យុ Radio-Canada។
នាយករដ្ឋមន្ត្រីវ័យ ៥៣ឆ្នាំរូបនេះ ក៏បានបន្ថែមថា លោកចូលប្រឡូកក្នុងឆាកនយោបាយ គឺមិនមែនដើម្បីប្រជាប្រិយភាពទេ ក៏ប៉ុន្តែគឺមានឆន្ទៈចង់បម្រើជាតិ បម្រើប្រជាជន។ យ៉ាងណា ទោះបីជាខិតខំចំណាយពេលវេលាផ្ទាល់ខ្លួន គិតគូររឿងការងារបែបណា ក៏លោក Justin ហាក់មិនសូវទទួលបានការគាំទ្រខ្លាំងពីប្រជាជនកាណាដាឡើយ។
គួសរំលឹកដែរថា តាមការស្ទង់មតិថ្មីៗនេះបានឲ្យដឹងថា ប្រជាជនកាណាដា បានបង្ហាញការគាំទ្រលើគណបក្សប្រឆាំង ជាជាងគណបក្សកាន់អំណាចសព្វថ្ងៃ ដោយសារពួកគេហាក់ធុញទ្រាន់ នឹងការដឹកនាំរបស់មេបក្សសេរីនិយម ដែលបានអង្គុយនៅកៅអីនាយករដ្ឋមន្ត្រីតាំងពីឆ្នាំ ២០១៥។
ជម្រាបបន្ថែមថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីកាណាដាថ្មី គឺត្រូវរៀបចំធ្វើឡើងនាខែតុលា ឆ្នាំ២០២៥ ខណៈមានក្ដីសង្ឃឹមតិចណាស់ ដែលលោក Justin អាចរក្សាកៅអីមួយនេះបានមួយអាណត្តិទៀត៕