រយៈពេល ៤ឆ្នាំមុន ពេលអាមេរិកជួបប្រទះវិបត្តិកូវីដ ១៩ ចំនួនមហាសេដ្ឋីនៅទីនោះមានប្រមាណ ៦១៤នាក់ ជាមួយទ្រព្យសម្បត្តិជិត ៣ទ្រីលានដុល្លារ តែនៅខែមីនា ឆ្នាំ២០២៤នេះ ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីអាមេរិក កើនដល់ជាង ៥ទ្រីលានដុល្លារឯណោះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា គិតត្រឹមថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤ អាមេរិកមានមហាសេដ្ឋី ៧៣៧នាក់ ជាមួយទ្រព្យសម្បត្តិ ៥,៥ទ្រីលានដុល្លារ កើនឡើងជិត ៨៨% បើធៀបនឹងកាលពី ៤ឆ្នាំមុន។
រយៈពេល ៤ឆ្នាំនេះ មហាសេដ្ឋីអាមេរិកដែលកើបលុយបានច្រើនបំផុតនោះ គឺមេធំ Tesla មហាសេដ្ឋី Elon Musk ពោលកាលពីឆ្នាំ ២០២០ លោកមានលុយតែ ២៥ពាន់លានដុល្លារ តែគិតត្រឹមខែមីនា ឆ្នាំ២០២៤ នេះ ទ្រព្យសម្បត្តិរបស់លោកកើនច្រើនជាង ៧ដង គឺមានប្រមាណ ១៨៨,៥ពាន់លានដុល្លារ។
ជាមួយគ្នា មហាសេដ្ឋីអាមេរិក ដែលធ្លាប់ជាប់ក្នុងបញ្ជី Top 15 កាលពីឆ្នាំ២០២០ ហើយបែរជារបូតលុយនៅក្នុងឆ្នាំ២០២៤ គឺមានតែម្នាក់ប៉ុណ្ណោះ គឺអ្នកស្រី MacKenzie Scott អតីតភរិយាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិ ៣៥ពាន់លានដុល្លារ ដោយសារលោកស្រីចំណាយលុយច្រើនពេក លើការធ្វើសប្បុរសធម៌។
សូមជម្រាបបន្ថែមថា កាលពីឆ្នាំ២០២០ មានមហាសេដ្ឋីតែម្នាក់គត់ គឺលោក Jeff Bezos ដែលមានទ្រព្យសម្បត្តិលើសពី ១០០ពាន់លានដុល្លារ តែនៅក្នុងឆ្នាំនេះវិញ កំពូលអ្នកមានលើលោក ១០រូប សុទ្ធតែមានលុយលើពី ១០០ពាន់លានដុល្លារ ហើយសរុបទ្រព្យសម្បត្តិរបស់ពួកគេ គឺមានលើសពី ១,៤ទ្រីលានដុល្លារឯណោះ៕