នាវា Titanic ទី២ នឹងចាប់ផ្ដើមបើកការធ្វើដំណើរទេសចរណ៍តាមផ្លូវទឹក នាឆ្នាំ២០២៧ ស្របពេលគម្រោងផលិតនាវាមួយនេះ គឺបង្កើតឡើងដោយមហាសេដ្ឋីអូស្ត្រាលី Clive Palmer។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិជាច្រើន។

មហាសេដ្ឋីវ័យ ៦៩ឆ្នាំរូបនេះ បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា នាវា Titanic ទី២ ផលិតឡើងតាមលំនាំនាវា Titanic ដើម ក៏ប៉ុន្តែរចនាបទខាងក្នុង នឹងមានលក្ខណៈទំនើប ប្រណីត និងស៊ីវិល័យដាច់នាវាដើម ហើយក៏ធានានូវប្រព័ន្ធសុវត្ថិភាពល្អបំផុតផងដែរ។

លោក Palmer បានជំនឿចិត្តថា លោកនឹងអាចស្វែងរកចំណតនាវាខ្នាតយក្សមួយនេះបាន ហើយដំណើរការសាងសង់ នឹងចាប់ផ្ដើមពីឆ្នាំ ២០២៥ ស្របពេលមានការសន្និដ្ឋានថា នាវា Titanic ទី២ ដែលមានទម្ងន់ ៥៦ ០០០តោន នឹងត្រូវចំណាយប្រាក់ប្រហែល ១ពាន់លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់។
បើទោះជានាវា Titanic ទី២ មិនទាន់លេចចេញជារូបរាងក្ដី ក៏ប៉ុន្តែមហាសេដ្ឋីមានលុយជាង ៤ពាន់លានដុល្លាររូបនេះអះអាងថា បច្ចុប្បន្នមានមនុស្សជាច្រើនពាន់នាក់ បានកក់កៅអីសម្រាប់ដំណើរទេសចរណ៍ខ្នាតធំ លើនាវាដែលអាចផ្ទុកមនុស្សបាន ២ ៥០០នាក់រួចស្រេចហើយ។
គួររំលឹកបន្តិចថា ផែនការផលិតនាវា Titanic ទី២ របស់មហាសេដ្ឋី Clive Palmer គឺមានតាំងពីឆ្នាំ២០១២ ហើយគ្រោងផលិតនៅឆ្នាំ២០១៨ ក៏ប៉ុន្តែដោយសារពេលនោះមានផ្ទុះជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឲ្យគ្រោងការណ៍មួយនេះ ត្រូវពន្យារពេលដល់ឆ្នាំ២០២៥វិញ៕