ក្រុមហ៊ុនលំដាប់កំពូលរបស់វៀតណាម Vingroup បានដាក់លក់ភាគហ៊ុនចំនួន ៤១,៥% និងទ្រព្យសកម្មផ្សេងទៀត នៅក្នុងក្រុមហ៊ុនលក់ទំនិញរាយ Vincom Retail ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន នៅក្នុងតម្លៃប្រមាណ ១,៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ជុំវិញកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងនៅពេលដែលក្រុមហ៊ុន Vingroup កំពុងផ្តោតកាន់តែខ្លាំងទៅលើការវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍទៅលើក្រុមហ៊ុនរថយន្តអគ្គិសនី VinFast របស់ខ្លួន ដោយកំពុងធ្វើការពង្រីកអាជីវកម្មទៅកាន់សហរដ្ឋអាមេរិក និងទីផ្សារចំនួន ៥០ ផ្សេងទៀត។
គួរឲ្យដឹងថា ការលក់លក់ភាគហ៊ុនចុងក្រោយនេះ បានធ្វើឲ្យ Vingroup នៅសល់ភាគហ៊ុនក្នុងដៃចំនួន ១៨,៨% ប៉ុណ្ណោះ នៅក្នុងក្រុមហ៊ុន Vincom Retail ដែលនេះមានន័យថា Vingroup នឹងលែងជាអ្នកគ្រប់គ្រងរាល់ប្រតិបត្តិការទាំងស្រុង ទៅលើក្រុមហ៊ុនលក់ទំនិញរាយដ៏ធំបំផុត នៅវៀតណាមនេះទៀតឡើយ។
ជម្រាបជូនទៀតផងដែរថា Vincom បច្ចុប្បន្នជាម្ចាស់ផ្សារទំនើបចំនួន ៨៣ នៅទូទាំងប្រទេសវៀតណាម ដោយតម្លៃភាគហ៊ុនរបស់ពួកគេ បានកើនឡើងដល់ ១៨,២% ឯណោះ នៅក្នុងឆ្នាំនេះ៕