យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook កំពុងបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃ ប្រទេសចិន ខណៈគោលបំណងនៃការបំពេញទស្សនកិច្ចមួយនេះ មិនទាន់ត្រូវទម្លាយឲ្យដឹងជាសាធារណៈនៅឡើយ។

ការបំពេញទស្សនកិច្ចរបស់មេធំ Apple កើតឡើងបន្ទាប់ពីអត្រាលក់ទូរស័ព្ទ iPhone នៅមហាអំណាចអាស៊ី បានធ្លាក់ចុះដល់ចំណុចទាបបំផុតមួយ និងមិនអាចប្រជែងជាមួយក្រុមហ៊ុនកំពូលក្នុងស្រុកដូចជា Huawei ជាដើម។
បើទោះជាមិនទាន់បង្ហាញពីគោលបំណងច្បាស់លាស់ក្ដី ក៏ប៉ុន្តែសារព័ត៌មាននៅក្នុងស្រុកចិនបានចុះផ្សាយថា លោក Cook ទំនងជាចុះមកមើលការខុសត្រូវផ្ទាល់ ក៏ដូចជាមកលើកទឹកចិត្ត និងរៀបចំយុទ្ធសាស្ត្រថ្មី ដើម្បីអាចបង្កើនការលក់ទូរស័ព្ទ iPhone ឡើងវិញ។
សូមជម្រាបដែរថា ប្រទេសចិនគឺជាប្រភពចំណូលធំបំផុតទី៣ របស់ក្រុមហ៊ុន Apple ហើយកាលពីឆ្នាំទៅ ក្រុមហ៊ុនអាមេរិកមួយនេះខាតបង់ប្រាក់ចំណូល ដោយសារតែការលក់នៅប្រទេសចិន មានការថយចុះដែលនឹកស្មានមិនដល់៕