នាយករដ្ឋមន្ត្រីថៃលោក ស្រេតថា ថាវីស៊ីន នឹងផ្អាកការធ្វើដំណើរទៅក្រៅប្រទេសរយៈពេលពីរខែ ដោយសារតែមានការរិះគន់ជាសាធារណៈ ចំពោះការធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់លោក កើនឡើងច្រើនញឹកញាប់ពេក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
កាលពីថ្ងៃទី២០ ខែមីនាលោក ស្រេតថា ថាវីស៊ីន បានលើកឡើងយ៉ាងដូច្នេះថា៖ “ខ្ញុំទទួលស្គាល់ចំពោះការរិះគន់ និងកង្វល់របស់អ្នក។ ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី១៥ ខែឧសភា ខ្ញុំនឹងមិនធ្វើដំណើរទៅក្រៅប្រទេសនោះឡើយ”។
ជាមួយគ្នា សមាជិកព្រឹទ្ធសភាម្នាក់លោក Somchai Sawangkarn ធ្លាប់បានបង្ហោះសារលើបណ្តាញសង្គម X នៅក្នុងខែមីនានេះថា៖ “កំណត់ត្រាថ្មីមួយ រយៈពេលប្រាំមួយខែប៉ុណ្ណោះក្នុងនាមជានាយករដ្ឋមន្ត្រី ធ្វើដំណើរទៅក្រៅប្រទេសរហូតដល់ ១៦ប្រទេស។ ហោះហើរទៅនេះ ហោះហើរទៅនោះ ឥឡូវទទួលបានលទ្ធផលអីខ្លះហើយ?”។
សូមជម្រាបថា លោក ស្រេតថា បានចំណាយពេលប្រហែលមួយភាគបី នៃរយៈពេលប្រាំមួយខែរបស់ខ្លួននៅក្រៅប្រទេស ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសថៃ តែយ៉ាងណាការធ្វើដំណើរដ៏ច្រើន ហើយមិនផ្តោតទៅលើបញ្ហាក្នុងស្រុកដូច្នេះ បានជះឥទ្ធិពលនាំឲ្យប្រជាជនមិនពេញចិត្ត ដ្បិតទីក្រុងមួយចំនួនកំពុងជួបប្រទះវិបត្តិជាច្រើន ដូចជាការបំពុលបរិស្ថានជាដើម៕