រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា នាសប្ដាហ៍ក្រោយ ដើម្បីស្វែងរកការគាំទ្រចំពោះផែនការសន្តិភាពរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។
ផែនការសន្តិភាពរបស់អ៊ុយក្រែន ដែលរៀបរៀងឡើងដោយប្រធានាធិបតី Volodymyr Zelenskyy គឺទាមទារឲ្យរុស្ស៊ីដងកងទ័ពចេញពីទឹកដីរបស់ខ្លួនទាំងស្រុង ការស្ដារនូវបន្ទាត់ព្រំដែនអ៊ុយក្រែន បន្ទាប់ពីដួលរលំរបបសូវៀត ក្នុងឆ្នាំ១៩៩១ និងទាមទារឲ្យរុស្ស៊ីសងថ្លៃខូចខាត ក៏ដូចជាទទួលខុសត្រូវនូវទង្វើដែលបានធ្វើមកលើអ៊ុយក្រែន។
រំលឹកបន្តិចថា ការបំពេញទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនរូបនេះ ធ្វើឡើងតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar កាលពីដើមឆ្នាំនេះ។
សូមជម្រាបដែរថា ប្រទេសឥណ្ឌាគឺជាសម្ព័ន្ធមិត្តដ៏ធំមួយរបស់រុស្ស៊ី ពោលឥណ្ឌាបដិសេធការរួមដៃថ្កោលទោសរុស្ស៊ី ជាមួយលោកខាងលិច តាំងពីមហាអំណាចនុយក្លេអ៊ែរបើកការឈ្លានពានចូលប្រទេសអ៊ុយក្រែន កាលពីជាង ២ឆ្នាំមុន ហើយក៏ប្រកាន់ជំហរនៅចំណុចកណ្ដាលដូចជាប្រទេសចិន ចំពោះបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ៕