យោងតាមសេចក្តីថ្លែងការណ៍រួមមួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង និងធនាគារធំៗនៅក្នុងស្រុក បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែមីនាកន្លងទៅថា ប្រទេសរបស់ខ្លួន បានប្តេជ្ញាចិត្តក្នុងការផ្តល់ប្រាក់កម្ចីចំនួន ៤២០ទ្រីលានវ៉ុន (៣១៣,៤ពាន់លានដុល្លារ) សម្រាប់គម្រោងហិរញ្ញប្បទាន ដើម្បីជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឲ្យដឹងទៀតថា នៅឆ្នាំ២០៣០ ស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋចំនួន ៥ រួមទាំងធនាគារអភិវឌ្ឍកូរ៉េ ហៅកាត់ KDB នឹងផ្តល់ប្រាក់កម្ចីទាំងនោះ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុក ឲ្យងាកទៅរកការធ្វើផលិតកម្មដែលបំភាយឧស្ម័នកាបូនក្នុងកម្រិតទាប។
សេចក្តីថ្លែងការណ៍ដដែលនេះ បាននិយាយទៀតថា ផែនការបង្កើនការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុថ្មីនេះ ត្រូវបានដាក់បង្ហាញ នៅក្នុងកិច្ចប្រជុំរវាងមន្ត្រីរដ្ឋាភិបាល និងប្រធានធនាគារធំៗចំនួន ៥ របស់កូរ៉េខាងត្បូង។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបន្ថែមទៀតថា KDB និងធនាគារធំៗផ្សេងទៀតរួមមាន Woori Bank និង Kookmin Bank ក៏នឹងបង្កើតមូលនិធិថ្មីមួយដែលមានតម្លៃ ៩ទ្រីលានវ៉ុន សម្រាប់ការសាងសង់រោងចក្រថាមពលបៃតងថ្មីៗ ផងដែរ៕