ហុងកុង កំពុងសម្លឹងឃើញប្រទេសថៃ ជាដៃគូវិនិយោគដ៏ធំបំផុតមួយ ក្នុងតំបន់អាស៊ាន

អន្តរជាតិ

Invest Hong Kong (InvestHK) ដែលជាស្ថាប័នធំមួយរបស់ទីក្រុងហុងកុង ក្នុងការជួយជំរុញដល់ការវិនិយោគផ្ទាល់ពីបរទេស កាលពីពេលថ្មីៗនេះបានប្រារព្ធពិធី Roadshow លើកដំបូង នៅក្នុងប្រទេសថៃ ក្នុងគោលបំណងលើកទឹកចិត្តដល់ក្រុមហ៊ុនថៃកាន់តែច្រើន ដើម្បីមកវិនិយោគនៅក្នុងទីក្រុងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងកម្មពិធីនោះ លោកស្រី Alpha Lau អគ្គនាយក InvestHK បានបង្ហាញក្តីរំពឹងទុកខ្ពស់ថាសហគ្រិនរបស់ថៃ នឹងបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំង ក្នុងការចាប់ផ្តើមអាជីវកម្មរបស់ពួកគេទាំងនៅក្នុងទីក្រុងហុងកុង និងចិនដីគោក។

ទន្ទឹមនឹងនេះ លោកស្រី Alpha បាននិយាយទៀតថា៖ “យើងបានជ្រើសរើសថៃជាប្រទេសដំបូងគេ ក្នុងតំបន់អាស៊ាន ដោយជឿជាក់ថាក្រុមហ៊ុនថៃមានសក្តានុពលខ្ពស់ ក្នុងការចូលមកបោះទុនវិនិយោគលើវិស័យពាណិជ្ជកម្មជាច្រើន ក្នុងទីក្រុងហុងកុង”។

គួរឲ្យដឹងផងដែរថា លោក Parson Lam ដែលជានាយកការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង ប្រចាំនៅទីក្រុងបាងកក បាននិយាយថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនថៃចំនួន ៤១២ បានវិនិយោគលើអាជីវកម្មជាច្រើន នៅក្នុងទីក្រុងហុងកុង រួមទាំងការលក់រាយ អាជីវកម្មស្ប៉ា អាហារ និងភេសជ្ជៈ ជាដើម។

ជម្រាបជូនផងដែរថា យោងតាមស្ថាប័ន InvestHK បានរាយការណ៍មកថា តម្លៃពាណិជ្ជកម្មរវាងប្រទេសថៃ និងទីក្រុងហុងកុង មានប្រហែល ១២ ទៅ ១៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ខណ:ពេលដែលអ្នកជំនួញហុងកុង បានចំណាយលុយសរុបប្រមមាណ ៨,៨ពាន់លានដុល្លារ សម្រាប់ការវិនិយោគនៅក្នុងប្រទេសថៃ គិតក្នុងឆ្នាំ២០២២៕