សមាជិកសភាអាមេរិកស្នើឱ្យរដ្ឋបាលលោកបៃដិន ដំឡើងពន្ធលើផលិតផលដ្រូនរបស់ចិន

អន្តរជាតិ

កាលពីថ្ងៃទី២០ ខែមីនា សមាជិកសភាអាមេរិកបានចេញមុខស្នើឲ្យរដ្ឋបាលលោក បៃដិន ដំឡើងពន្ធឲ្យកាន់តែខ្ពស់ចំពោះដ្រូន (យន្តហោះគ្មានមនុស្សបើក) របស់ចិន ក្នុងគោលបំណងជំរុញ ព្រមទាំងលើកទឹកចិត្តទៅដល់ក្រុមហ៊ុនផលិតដ្រូនរបស់សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសារព័ត៌មាន Reuters បានចុះផ្សាយថា លោក Mike Gallagher ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការចិន របស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ព្រមទាំងមេដឹកនាំគណបក្សប្រជាធិបតេយ្យលោក Raja Krishnamoorthi និងសមាជិកសភាចំនួន ១១រូបផ្សេងទៀត ក៏បានធ្វើការជំរុញឲ្យរដ្ឋបាលចាត់វិធានការជាបន្ទាន់ ប្រឆាំងនឹងក្រុមហ៊ុនផលិតដ្រូនដូចជា DJI និង Autel ជាដើម។

ជាមួយគ្នា សមាជិកសភាទាំងនោះបាននិយាយនៅក្នុងលិខិតមួយ ទៅកាន់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋានសន្តិសុខមាតុភូមិដូច្នេះថា៖ “បញ្ឈប់ការពង្រីកទីផ្សារបច្ចេកវិទ្យានៅក្នុងសហរដ្ឋអាមេរិក ដែលវាបានបង្កនូវការគំរាមកំហែងយ៉ាងច្បាស់ចំពោះសន្តិសុខ និងសេដ្ឋកិច្ចជាតិ។ បច្ចុបន្នពន្ធបន្ថែម២៥% លើដ្រូនរបស់ចិន គឺមិនទាន់គ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំង អំពីការកើនឡើងនៃការនាំចូលនោះទេ”។

សូមជម្រាបថា ក្រុមហ៊ុនផលិតដ្រូនចិន បានក្ដោបក្ដាប់ចំណែកទីផ្សារដល់ទៅ៧៧% លើដ្រូនដែលជាឧបករណ៍លេងកម្សាន្ត និងច្រើនជាង៩០% នៃដ្រូនសម្រាប់ការធ្វើអាជីវកម្មនៅលើទីផ្សារអាមេរិក៕