យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា មេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង គ្រោងបំពេញទស្សនកិច្ចនៅប្រទេសបារាំងនាខែឧសភាខាងមុខ ដើម្បីជួបជជែកជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។

ក្នុងដំណើរទស្សនកិច្ចទៅតំបន់អឺរ៉ុបដំបូង ក្នុងរយៈពេល ៥ឆ្នាំ បុរសខ្លាំងរដ្ឋចិន នឹងជជែកស៊ីជម្រៅជាមួយដៃគូបារាំង ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ ចំពេលទំនាក់ទំនងរវាងអឺរ៉ុប និងចិន ហាក់កំពុងជួបប្រទះភាពជាប់គាំងនាពេលសព្វថ្ងៃ។
គួររំលឹកបន្តិចថា ចាប់តាំងពីលោក ម៉ាក្រុង បានបំពេញទស្សនកិច្ចនៅចិនកាលពីឆ្នាំមុន ទំនាក់ទំនងរវាងប្រទេសទាំង២ ហាក់ជួបផលវិបាកលើការធ្វើពាណិជ្ជកម្ម ពោលបន្ទាប់ពីបារាំងប្រកាសគាំទ្រចំណាត់ការ EU លើការរឹតបន្តឹងការនាំចូលរថយន្តអគ្គិសនីចិន ទៅកាន់ទីផ្សារតំបន់អឺរ៉ុប។
ជាការឆ្លើយតប កាលពីខែមករា រដ្ឋាភិបាលចិនក៏បានបើកការរឹតបន្តឹងទ្រង់ទ្រាយធំ លើការនាំចូលស្រាពីសហភាពអឺរ៉ុប ដែលត្រូវបានគេមើលឃើញថា ផែនការមួយនេះគឺមានបំណងវាយប្រហារបារាំង ដែលជាអ្នកនាំចេញស្រាសឹងតែ ១០០% នៅ EU។
សូមជម្រាបបន្ថែមថា សម្រាប់ជំនួបរវាងមេដឹកនាំបារាំង និងចិន នាខែឧសភាខាងមុខ មានក្ដីរំពឺងទុកខ្ពស់ថា រនាំងពាណិជ្ជកម្មរវាងប្រទេសទាំង២ នឹងអាចត្រូវបានដកចេញ ដ្បិតការរឹតចំណងនៃការធ្វើពាណិជ្ជកម្មទ្វេភាគីឡើងវិញ គឺត្រូវបានចាត់ទុកថា ជាអាទិភាពនៃគោលបំណងក្នុងការបំពេញទស្សនកិច្ចក្នុងតំបន់អឺរ៉ុប របស់លោក ស៊ី ជិនពីង៕