មហាសេដ្ឋីឥណ្ឌា Gautam Adani កំពុងសាងសង់រោងចក្រថាមពលបៃតងធំបំផុតលើលោក ដែលមានទំហំសឹងតែប៉ុនទីក្រុង Chicago នៅសហរដ្ឋអាមេរិក ខណៈកញ្ចប់ចំណាយសម្រាប់គម្រោងមួយនេះ គឺមានទំហំប្រមាណ ២០ពាន់លានដុល្លារ។
យោងតាមការចុះផ្សាយពីគេហទំព័រ Business Insider បានបង្ហាញថា ក្រុមហ៊ុន Adani Green Energy Limited (AGEL) គឺកំពុងសាងសង់រោងចក្រថាមពលដើរដោយកម្លាំងខ្យល់ និងបន្ទះសូឡា នៅស្រែអំបិលភាគខាងលិចនៃរដ្ឋ Gujarat ខណៈក្រុមហ៊ុនបានបង្ហាញពីមហិច្ឆតា ចង់ក្លាយខ្លួនជាម្ចាស់រោងចក្រថាមពលបៃតងធំបំផុតលើលោក។
ជាមួយគ្នា ក្រុមហ៊ុន Adani Group ក៏បានបញ្ចេញសេចក្ដីថ្លែងការណ៍មួយថា ក្រុមហ៊ុនមានបំណងចាយលុយ ៧០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០ ដើម្បីកែប្រែឥណ្ឌាឲ្យក្លាយជាប្រទេសមួយ ដែលមានថាមពលបៃតងប្រើប្រាស់គ្រប់គ្រាន់។
ទោះជាយ៉ាងណា ផែនការរបស់ក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា មិនងាយសម្រេចបានងាយៗឡើយ ដ្បិតឥណ្ឌាគឺជាប្រទេស ដែលមានអត្រាផ្សែងពុល និងប្រើប្រាស់ធ្យូងធំបំផុតទី៣ លើលោក ស្របពេលរដ្ឋាភិបាលប្ដេជ្ញាលុបបំបាត់ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតទាំងស្រុង នៅក្នុងឆ្នាំ២០៧០ និងសង្ឃឹមលុបចោលបានពាក់កណ្ដាល ត្រឹមឆ្នាំ២០៣០។
សូមជម្រាបបន្ថែមថា គ្រោងការរបស់ក្រុមហ៊ុន Adani Group ក្នុងការបង្កើតរោងចក្រថាមពលបៃតងធំបំផុតលើលោក នឹងសម្រេចរួចរាល់ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ហើយវានឹងអាចបង្កើតការងារដល់មនុស្ស ១៥ ២០០នាក់ និងថែមទាំងផ្គត់ផ្គង់ថាមពលបៃតង ដល់ប្រជាជនឥណ្ឌាប្រហែល ១៦លានគ្រួសារផងដែរ៕