វៀតណាមជ្រើសបានប្រធានាធិបតីស្តីទី មកកាន់តួនាទីបណ្តោះអាសន្នសិន

អន្តរជាតិ

ក្រោយពីលោក Vo Van Thuong បានលាលែងចេញពីតួនាទីរួចមក នៅថ្ងៃទី២១ ខែមីនាការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្ត បានសម្រចតែងតាំងអនុប្រធានាធិបតីលោកស្រី Vo Thi Anh Xuan ជាប្រធានាធិបតីស្តីទី រហូតដល់រដ្ឋសភាអាចបោះឆ្នោតជ្រើសបានប្រធានាធិបតីថ្មី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន VN Express បានចុះផ្សាយថា លោកស្រី Xuan បច្ចុប្បន្នមានវ័យ ៥៤ឆ្នាំមានស្រុកកំណើតមកពីខេត្ត An Giang បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ ហើយត្រូវបានជាប់ឈ្មោះជាអនុប្រធានាធិបតីដែលក្មេងជាងគេ អំឡុងការបោះឆ្នោតដោយរដ្ឋសភាកាលពីខែមេសា ឆ្នាំ២០២១ ក្នុងវ័យ ៥១ឆ្នាំ។ ម្យ៉ាងវិញទៀត រយៈពេលកាន់តំណែងបានបីឆ្នាំកន្លងមក លោកស្រីបានធ្វើដំណើរទៅកាន់បណ្តាប្រទេសផ្សេងៗដូចជា  ប៊ុលហ្គារី ក្រិក និងកាហ្សាក់ស្ថានផងដែរ។

គួសជម្រាបថា នេះគឺជាលើកទីពីរហើយសម្រាប់លោកស្រី Xuan ដែលត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី បន្ទាប់ពីលោក Nguyen Xuan Phuc បាន​លាលែង​ពី​តួនាទីដូចគ្នាកាលពីខែមករា ឆ្នាំមុន។ លើសពីនោះ រយៈពេលត្រឹមតែជាងមួយខែប៉ុណ្ណោះក្នុងនាមជាប្រធានាធិបតីស្តីទី អ្នកនយោបាយជាន់ខ្ពស់រូបនេះ ក៏បានធ្វើការតែងតាំងអគ្គរដ្ឋទូតវៀតណាមថ្មីចំនួន ១៣រូបប្រចាំស្ថានទូតនៅបរទេសផងដែរ៕