លោក Daniel Zhang អតីតនាយកប្រតិបត្តិក្រុមហ៊ុន Alibaba Group បានប្រកាសចូលរួមជាមួយក្រុមហ៊ុនវិនិយោគ Firstred Capital ក្នុងនាមជាដៃគូគ្រប់គ្រង បន្ទាប់ពីរូបលោកបានចាកចេញពីក្រុមហ៊ុនពាណិជ្ជកម្មខ្នាតយក្សនៅចិន Alibaba រយៈពេល ៦ខែ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានឲ្យដឹងថា អតីត CEO ក្រុមហ៊ុន Alibaba បានបណ្ដាក់ទុនរួមគ្នាជាមួយលោក Liu Xiaodan ក្នុងការបង្កើតក្រុមហ៊ុនខាងលើ ក្នុងគោលបំណងស្រាវជ្រាវនូវមុខងារថ្មីៗ និងស្វែងរកនូវកញ្ចប់មូលនិធិពីវិនិយោគិនផ្សេងទៀត ដើម្បីវិនិយោគលើវិស័យថែទាំសុខភាពសត្វចិញ្ចឹម ក៏ដូចជាក្រុមហ៊ុនផលិតបន្ទះឈីបនានា។
គួររំលឹកបន្តិចថា លោក Zhang បានរួមដំណើរជាមួយក្រុមហ៊ុន Alibaba រយៈពេល ១៦ឆ្នាំ ទម្រាំឡើងតំណែងជា CEO និងជាប្រធានក្រុមហ៊ុន ក៏ប៉ុន្តែកាលពីខែមិថុនា ឆ្នាំមុន លោកបានប្រកាសចុះចេញពីតំណែងទាំងនោះ ដោយងាកមកផ្ដោតលើអាជីវកម្មគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតរបស់ក្រុមហ៊ុន។
ប្ដូរមុខងារបានត្រឹម ៣ខែប៉ុណ្ណោះ ពោលនៅខែកញ្ញា លោក Zhang បានប្រកាសចែកផ្លូវជាមួយក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ ហើយ Alibaba ក៏បានសន្យាថា បើសិនជាអតីតថ្នាក់ដឹកនាំក្រុមហ៊ុនរូបនេះ បង្កើតមូលនិធិបច្ចេកវិទ្យាផ្ទាល់ខ្លួន ក្រុមហ៊ុននឹងវិនិយោគ ១ពាន់លានដុល្លារ ដើម្បីជួយដល់លោក Zhang។
តែទោះជាយ៉ាងណា គិតមកទល់ពេលនេះ ក្រុមហ៊ុន Alibaba ហាក់មិនទាន់បង្ហើបព័ត៌មានអ្វី ទាក់ទងនឹងការងារថ្មី របស់អតីត CEO ក្រុមហ៊ុនរបស់ខ្លួននៅឡើយទេ ស្របពេលបច្ចុប្បន្នលោក Zhang មានទ្រព្យសម្បត្តិប្រមាណ ២,៥ពាន់លានដុល្លារ៕