មេបក្សប្រឆាំង និងជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតីឥណ្ឌូណេស៊ី លោក Anies Baswedan នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនានេះ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការធម្មនុញ្ញ ដើម្បីស្នើសុំឲ្យមានការបោះឆ្នោតសារឡើងវិញ និងមិនព្រមទទួលស្គាល់ជាដាច់ខាតចំពោះជ័យជម្នះរបស់លោក Prabowo Subianto ដោយចោទប្រកាន់ថាមានភាពមិនប្រក្រតី និងការក្លែងបន្លំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Lemonde។
យោងតាមការប្រកាសពីគណ:កម្មាធិការរៀបចំការបោះឆ្នោតទូទៅរបស់ប្រទេសឥណ្ឌូណេស៊ី (KPU) បានបង្ហាញជាផ្លូវការថារដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្ន លោក Prabowo បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិតីថ្មី ដោយបានផ្តួលអតីតអភិបាលក្រុងហ្សកាតា លោក Anies និងគូប្រជែងផ្សេងទៀត ជាមួយការទទួលបានសម្លេងឆ្នោតសរុប ៥៨,៦% ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅក្រោយការប្រកាសចេញលទ្ធផលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ លោក Anies បានស្នើសុំឲ្យតុលាការធម្មនុញ្ញ រៀបចំការបោះឆ្នោតឡើងវិញ ជាពិសេសគឺត្រូវដកឈ្មោះបេក្ខភាពលោក Gibran Rakabuming Raka ដែលឈរឈ្មោះជាអនុប្រធានាធិបតីនោះ ចេញពីសន្លឹកឆ្នោតវិញ ព្រោះថាលោក Joko Widodo ដែលត្រូវជាឪពុកបង្កើតនោះ បានចូលជ្រៀតជ្រែងក្នុងការចូលរួមប្រជែងតំណែងនេះ ចំពោះការផ្លាស់ប្តូរច្បាប់នៃការបោះឆ្នោតភ្លាមៗ។
ទន្ទឹមនឹងនេះ លោក Ari Yusuf Amir ដែលជាមេធាវីរបស់មេបក្សប្រឆាំងខាងលើ បាននិយាយប្រាប់អ្នកយកព័ត៌មាន នៅឯខាងក្រៅទីស្នាក់ការកណ្តាលបក្សរបស់ខ្លួនថា ៖”យើងបានបញ្ជូនសំណើជាផ្លូវការសម្រាប់ញត្តិស្នើសុំឲ្យមានការបោះឆ្នោតឡើងវិញ ទៅតុលាការធម្មនុញ្ញរួចរាល់ហើយ” ។
បន្ថែមពីលើនេះ ក្រុមការងាររបស់លោក Anies បាននិយាយទៀតថា គោលបំណងសំខាន់នៃការដាក់ពាក្យបណ្តឹងនេះ គឺដើម្បីកែលម្អការបោះឆ្នោតនាពេលអនាគត និងលទ្ធិប្រជាធិបតេយ្យវ័យក្មេងរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានកើតចេញពីការគ្រប់គ្រងស្វ័យភាព អស់ជាច្រើនទសវត្សរ៍មកហើយនោះ៕