ក្រុមហ៊ុនផលិតបន្ទះឈីប Intel បានប្រកាសថា កំពុងរៀបចំកញ្ចប់ទឹកប្រាក់ប្រហែល ១០០ពាន់លានដុល្លារ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងរដ្ឋចំនួន៤ លើទឹកដីសហរដ្ឋអាមេរិក ដោយការសាងសង់រោងចក្រផលិតបន្ទះឈីបបន្ថែម។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនខ្នាតយក្សអាមេរិកមួយនេះ ប្រកាសពីមហិច្ឆតាធំ ក្រោយរដ្ឋាភិបាលអាមេរិកផ្ដល់ប្រាក់ជំនួយ និងកម្ចីជិត ២០ពាន់លានដុល្លារ ហើយក៏រំពឹងទៀតថា នឹងមានការបន្ធូរបន្ថយពន្ធប្រហែល ២៥ពាន់លានដុល្លារ សម្រាប់គម្រោងវិនិយោគនេះទៀតផង។
គម្រោងវិនិយោគ ១០០ពាន់លានដុល្លារ របស់ក្រុមហ៊ុន Intel គឺមានបំណងបង្កើតរោងចក្រផលិតបន្ទះឈីប AI ធំបំផុតលើលោក នៅក្នុងរដ្ឋ Ohio ខណៈការសាងសង់ត្រូវបានរំពឹងថា នឹងចាប់ផ្ដើមពីឆ្នាំ២០២៧ តទៅ។
សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ សហរដ្ឋអាមេរិកបានព្យាយាមដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត ដល់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ជាពិសេសគឺក្រុមហ៊ុនផលិតបន្ទះឈីប ដោយសន្យាផ្ដល់អត្ថប្រយោជន៍ច្រើនសន្ធឹក សម្រាប់ការបណ្ដាក់ទុននៅអាមេរិក ដើម្បីប្រជែងទីផ្សារបន្ទះឈីប ដែលជាផលិតផលកំពុងត្រូវប៉ាន់ ជាមួយនឹងប្រទេសចិន៕