ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បានធ្វើការរាយការណ៍ពីប្រាក់ចំណេញប្រចាំឆ្នាំជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជាងមួយទសវត្ស ក្រោយត្រូវបានជំរុញដោយតម្រូវការយ៉ាងខ្លាំង និងការកើនឡើងនៃតម្លៃសំបុត្រយន្តហោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
ក្រុមហ៊ុន Malaysia Aviation Group ដែលជាមេរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានប្រកាសពីប្រាក់ចំណេញសរុបចំនួន ៧៦៦លានរីងហ្គីត (១៦៣លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៣ បើធៀបនឹងការខាតបង់ចំនួន ៣៤៤លានរីងហ្គីត កាលពីឆ្នាំ២០២២។
គួរឲ្យដឹងផងដែរថា ចំពោះលទ្ធផលនេះ គឺជាការកើបបានប្រាក់ចំណេញជាលើកដំបូង សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ២០១០ មក ខណ:ពេលដែលនាយកគ្រប់គ្រងក្រុមហ៊ុន លោក Izham Ismail បាននិយាយថា ចំណុចសំខាន់នៃការទទួលបានប្រាក់ចំណេញនេះ ត្រូវបានរួមចំណែកដោយកត្តាធំៗ ដូចជាការកើនឡើងនៃការធ្វើដំណើររបស់ភ្ញៀវទេសចរ និងការបង្កើនបណ្តាញផ្លូវហោះហើរអន្តរជាតិ ផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានដឹកអ្នកដំណើរសរុប ១៤,៥ លាននាក់ ក្នុងឆ្នាំ២០២៣ ពោលគឺបានកើនឡើង ៤៦% ធៀបនឹងឆ្នាំមុន ស្របពេលក្រុមហ៊ុន ក៏បានបង្ហាញក្តីរំពឹងទុកខ្ពស់ទៀតថា នឹងមានការងើបឡើងវិញពេញលេញនៃការធ្វើដំណើររបស់ភ្ញៀវទេសចរ នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៤ នេះ ។
ទន្ទឹមនឹងនេះ លោក Izham បាននិយាយទៀតថា ៖”ខណៈពេលដែលឆ្នាំ២០២៣ បានកត់សម្គាល់ពីការងើបឡើងវិញដ៏គួរឱ្យកត់សម្គាល់នោះ ឆ្នាំ២០២៤ នេះ នឹងអាចជាឆ្នាំដែលយើងនៅតែបន្តពង្រីកការជឿជាក់របស់យើងបន្ថែមទៀត ហើយក្រុមហ៊ុននឹងបន្ថែមយន្តហោះថ្មីចំនួន ១២ គ្រឿងបន្ថែមទៀត នៅឆ្នាំនេះ”៕