មានតែរុស្ស៊ី និងចិន ប៉ុណ្ណោះទើបអាចធ្វើដំណើរតាមសមុទ្រក្រហមបានដោយសេរី

អន្តរជាតិ

អំឡុងកិច្ចពិភាក្សាមួយនៅក្នុងប្រទេសអូម៉ង់ ក្រុមសកម្មប្រយុទ្ធហ៊ូទី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានប្រាប់ចំៗនៅចំពោះមុខអ្នកកាទូតរុស្ស៊ី និងចិនថា កប៉ាល់របស់ពួកគេអាចធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម និងឈូងសមុទ្រអាដេន (Gulf of Aden) បានដោយសេរី និងមិនមានគ្រោះថ្នាក់អ្វីពីការគំរាមកំហែងតទៅទៀតឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រភពពីសារព័ត៌មាន Bloomberg បានចុះផ្សាយកាលពីថ្ងៃទី២១ ខែមីនាថា ដើម្បីជាថ្នូរនឹងការសន្យាអាចឲ្យនាវារបស់ប្រទេសទាំងពីរ ឆ្លងកាត់ដោយមានសុវត្ថិភាពនោះ រុស្ស៊ី និងចិនក៏ត្រូវគាំទ្រផ្នែកនយោបាយរបស់ខ្លួន នៅក្នុងស្ថាប័នអន្តរជាតិផ្សេងៗដូចជា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាដើម។

កន្លងមកក្រុមឧទ្ទាមហ៊ូទី បានធ្វើប្រតិបត្តិការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរាប់សិបគ្រាប់ ទៅលើនាវាពាណិជ្ជកម្មណាក៏ដោយ ដែលធ្វើដំណើរឆ្លងកាត់តាមសមុទ្រក្រហម។ ជាលទ្ធផល ក្រុមហ៊ុនដឹកជញ្ជូនធំៗជាច្រើន បានឈប់ប្រើប្រាស់ប្រឡាយស៊ុយអេ ហើយកាច់ចង្កូតវាងតាមតំបន់ Cape of Good Hope នៅអាហ្វ្រិកខាងត្បូងជំនួសវិញ។

ម្យ៉ាងវិញទៀត បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើការវាយប្រហារជាច្រើនកន្លែង ទៅលើមូលដ្ឋានរបស់ក្រុមហ៊ូទី ក្នុងប្រទេសយ៉េមែនរួចមក មេដឹកនាំជាន់ខ្ពស់ផ្នែកនយោបាយរបស់ក្រុមហ៊ូទីលោក Ali Alqhoom ក៏បានបោះពាក្យសម្តីគំរាមធ្ងន់ៗទៅថា៖ ខ្លួននឹងធ្វើយ៉ាងណាឲ្យកប៉ាល់របស់អាមេរិក អង់គ្លេស និងលោកខាងលិចត្រូវតែកប់ចូលទៅក្នុងវាលភក់ នៃសមុទ្រក្រហមឲ្យទាល់តែបាន។

សូមជម្រាបថា ការវាយប្រហារលើនាវាដឹកទំនិញក្នុងតំបន់សមុទ្រក្រហមនាពេលកន្លងមក បានធ្វើឲ្យចរាចរណ៍តាមប្រឡាយស៊ុយអេ ដែលជាផ្លូវទឹកដ៏សំខាន់រវាងអាស៊ី និងអឺរ៉ុប ដែលជាធម្មតាគ្រប់គ្រងពាណិជ្ជកម្មសមុទ្រពិភពលោកប្រហែល១៥% នោះ បច្ចុបន្នការធ្វើដំណើរតាមផ្លូវទឹកមួយនេះហាក់មានការធ្លាក់ចុះគួរឲ្យកត់សំគាល់៕