រយ:ពេលពីរខែដំបូង ការវិនិយោគបរទេសនៅក្នុងប្រទេសចិន ធ្លាក់ចុះជិត ២០%

អន្តរជាតិ

ការវិនិយោគបរទេសទៅក្នុងប្រទេសចិន បានធ្លាក់ចុះរហូតដល់ទៅ ១៩,៩% គិតក្នុងរយ:ពេល ២ខែដំបូង ឆ្នាំ២០២៤ នេះ មកនៅត្រឹមចំនួន ២១៥,១ពាន់លានយ៉ន់ (៣០ពាន់លានដុល្លារ) បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AsiaFinancial។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួលេខដែលត្រូវបានប្រកាសដោយក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃសុក្រ ទី២២ ខែមីនាកន្លងទៅនេះ បានធ្វើឡើងនៅចំពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងបន្តកិច្ចខិតខំប្រឹកប្រែងយ៉ាងខ្លាំង ក្នុងការទាក់ទាញក្រុមហ៊ុនបរទេស ឲ្យចូលមកបោះទុនវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។

គួរឲ្យដឹងផងដែរថា ប្រទេសចិន កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញនូវវិធានការថ្មីៗមួយចំនួន ដើម្បីទប់ស្កាត់នៃការធ្លាក់ចុះយ៉ាងខ្លាំងចំពោះការវិនិយោគពីបរទេស រួមទាំងការពង្រីកការចូលទៅក្នុងទីផ្សារ និងការបន្ធូរបន្ថយច្បាប់មួយចំនួន ផងដែរ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនបរទេស ហាក់នៅតែមានភាពមិនជឿជាក់ចំពោះប្រទេសចិន ចាប់តាំងពីរដ្ឋាភិបាលប្រទេសនេះ បានធ្វើការអនុវត្តវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹង ក្នុងអំឡុងមានជំងឺរាតត្បាតកូវីដ-១៩ មក រួមទាំងការព្រួយបារម្ភអំពីបរិយាកាសធុរកិច្ច ក៏ដូចជាភាពមិនច្បាស់លាស់ចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសលោកខាងលិច ផងដែរ។

ជម្រាបជូនផងដែរថា បើយោងតាមក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ក្នុងចំណោមការវិនិយោគបរទេសសរុប ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ទឹកប្រាក់ចំនួន ៧១,៤៤ពាន់លានយ៉ន់ ឬស្មើទៅនឹងមួយភាគបីនៃចំនួននៃការវិនិយោគសរុប ត្រូវបានចាក់បញ្ចូលទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់របស់ប្រទេសចិន រួមទាំងការផលិតឧបករណ៍បច្ចេកវិទ្យាកម្រិតខ្ពស់ផងដែរ៕