កាលពីយប់ថ្ងៃទី២២ ខែមីនា មានការផ្ទុះភេរវកម្មដ៏ធំកក្រើកនៅប្រទេសរុស្ស៊ី ដោយហេតុការណ៍នេះបានកើតឡើងនៅសាលប្រគំតន្ត្រី Crocus City Hall ខណៈបច្ចុប្បន្នចំនួនមនុស្សស្លាប់បានកើនឡើងលើសពី ១៣៣នាក់ហើយ។
យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញថា ក្រោយហេតុការណ៍នេះកើតឡើងភ្លាមៗ អ្នកនយោបាយរុស្ស៊ីច្រើនរូប បានថ្កោលទោស និងចោទរដ្ឋាភិបាលអ៊ុយក្រែន ជាអ្នកនៅពីក្រោយអំពើឃោរឃៅទាំងនេះ ក៏ប៉ុន្តែអ៊ុយក្រែនចេញមុខច្រានចោល និងអះអាងថា មិនបានដឹងរឿងអ្វីឡើយ។
ក្រោយកើតហេតុមិនបានប៉ុន្មាន អាជ្ញាធររុស្ស៊ីបានធ្វើការចាប់ខ្លួនមនុស្ស ៤រូប ដោយអះអាងថា ជាខ្មាន់កាំភ្លើង ក្នុងចំណោមជនសង្ស័យសរុប ១១រូប ដែលបានប្រព្រឹត្តអំពើភេរវកម្ម ស្របពេលវិមានក្រឹមឡាំងសង្កត់ធ្ងន់ថា បុគ្គលទាំង ៤រូបនោះ ត្រូវបានចាប់ខ្លួន អំឡុងពេលរត់ភៀសខ្លួនចូលប្រទេសអ៊ុយក្រែន។
តែទោះជាយ៉ាងណា ពាក់ព័ន្ធនឹងករណីបំផ្ទុះភេរវកម្មដ៏ធំបំផុតនៅប្រទេសរុស្ស៊ី នាសម័យទំនើបនេះ គឺត្រូវបានក្រុមឧទ្ទាម ISIS ចេញមុខទទួលខុសត្រូវថា ជាអ្នកនៅពីក្រោយអំពើឃោរឃៅមួយនេះ។
គួររំលឹកដែរថា មន្ត្រីស៊ើបការអាមេរិកមួយរូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ក្រុម ISIS គឺពិតជាអ្នកនៅពីក្រោយអំពើភេរវកម្មពិតមែន ហើយក្រុមមួយនេះក៏ធ្លាប់បានព្រមានទៅកាន់លោក ពូទីន ផងដែរថា ការវាយប្រហារនឹងកើតមានឡើង ហើយវានឹងក្លាយជាសោកនាដកម្មដ៏ធំនឹកស្មានមិនដល់៕