យោងតាមអនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានឥណ្ឌូណេស៊ី លោក Nezar Patria បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក គឺ Microsoft និង Apple កំពុងបង្ហាញពីចំណាប់អារម្មណ៍ខ្លាំង ក្នុងការមកបោះទុនវិនិយោគ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Antara។
នៅក្នុងអំឡុងពេលចូលរួមកិច្ចពិភាក្សាជាសាធារណ:កាលពីពេលថ្មីៗកន្លងទៅនេះ លោក Patria បានបញ្ជាក់ថា ៖ ” មាន CEO ក្រុមហ៊ុបច្ចេកវិទ្យាខ្នាតយក្សចំនួនពីរ នឹងមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយពួកគាត់ទាំងពីរនោះ គឺជា CEO នៃក្រុមហ៊ុន Apple និង Microsoft”។
ទន្ទឹមនឹងនេះ លោក Patria បានបន្ថែមទៀតថា លោក Satya Nadella ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft និងនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook នឹងស្វែងរកឱកាស ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី លោក Joko Widodo ក្នុងអំឡុងដំណើរទស្សនកិច្ចមួយ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី នាពេលឆាប់ៗខាងមុខ។
គួរឲ្យដឹងផងដែរថា ការវិនិយោគពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សទាំងពីរ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេរំពឹងទុកខ្ពស់ថា នឹងបើកឱកាសកាន់តែច្រើនបន្ថែមទៀត សម្រាប់ប្រទេស និងប្រជាជន ខណ:លោក Patria បាននិយាយទៀតថា ប្រសិនបើពួកគេចាប់អារម្មណ៍ក្នុងការចូលមកវិនិយោគនៅទីនេះ យើងនឹងស្វាគមន៍ពួកគេដោយបើកចំហ ព្រោះយើងនឹងកាន់តែពង្រឹងសមត្ថភាពជាតិរបស់យើងបន្ថែមទៀត។
ជម្រាបជូនថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្តែងក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Microsoft និង Apple នឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការអភិវឌ្ឍសមត្ថភាព និងទេពកោសល្យឌីជីថលរបស់ខ្លួនថែមទៀត៕