កាលពីថ្ងៃទី២៥ ខែមីនា រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា គ្មានប្រទេសណាមួយលើលោកនេះ ដែលអាចទប់ស្កាត់អំពើភេរវកម្មបាន ១០០%ឡើយ បន្ទាប់ពីមានផ្ទុះការវាយប្រហារដ៏អាក្រក់បំផុតនៅក្នុងប្រទេសរុស្ស៊ី រយៈពេលជាង ២ទសវត្សចុងក្រោយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា បន្ទាប់ពីក្រុមឧទ្ទាម ISIS ចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះ បច្ចុប្បន្នរដ្ឋាភិបាលរុស្ស៊ីកំពុងបើកការស៊ើបអង្កេត ឲ្យស៊ីជម្រៅលើបញ្ហាមួយនេះ ដើម្បីឲ្យដឹងឫសគល់កាន់តែច្បាស់។

ជាមួយគ្នាអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានប្រាប់បណ្ដាញសារព័ត៌មានថា៖ គ្មានទីក្រុង ឬប្រទេសណានៅលើលោកនេះ ដែលអាចរារាំងអំពើភេរវកម្មបានទាំងស្រុងឡើយ ហើយការប្រយុទ្ធប្រឆាំងជាមួយពួកគេ គឺទាមទារឲ្យមានកិច្ចសហការជាអន្តរជាតិ ទើបអាចសម្រេចបាន។
គួសរំលឹកបន្តិចថា កាលពីយប់ថ្ងៃសុក្រ ទី២២ ខែមីនា មានការផ្ទុះអំពើភេរវកម្មដ៏កក្រើកនៅប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៣៧នាក់ និងរងរបួស ១៨២នាក់ ខណៈបច្ចុប្បន្នមូលហេតុនៃការវាយប្រហារនេះ មិនទាន់ត្រូវបានទម្លាយជាសាធារណៈឡើយ គ្រាន់តែដឹងថា ក្រុម ISIS គឺជាអ្នកនៅពីក្រោយការវាយប្រហារមួយនេះប៉ុណ្ណោះ៕