តម្លៃភាគហ៊ុននៃក្រុមហ៊ុនខ្នាតយក្សដូចជា Facebook, Apple និងGoogle មានការដាំក្បាលចុះជាខ្លាំង កាលពីថ្ងៃទី២៥ ខែមីនា បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់ចេញនូវច្បាប់ថ្មី ស្ដីការការគ្រប់គ្រងទីផ្សារឌីជីថល។

យោងតាមការចុះផ្សាយពីគេហទំព័រ QZ បានបង្ហាញថា ក្រុមហ៊ុនទាំង ៣ខាងលើ រងការខាតបង់ប្រមាណ ៤៥ពាន់លានដុល្លារ ដោយក្នុងនោះ ក្រុមហ៊ុន Apple ខាតច្រើនជាងគេ រហូតដល់ ២២ពាន់លានដុល្លារ ស្របពេលក្រុមហ៊ុនមហាសេដ្ឋីអាមេរិក Mark Zuckerberg របូតលុយ ១៦ពាន់លានដុល្លារ និងក្រុមហ៊ុន Google ខាតបង់ប្រហែល ៧ពាន់លានដុល្លារ។
ដោយឡែក ច្បាប់ថ្មីរបស់ EU ដែលត្រូវបានគេហៅថា DMA បង្កើតឡើង ដើម្បីគ្រប់គ្រងលើក្រុមហ៊ុនធំៗទាំង ៦ ដែលរកស៊ីលើវិស័យបច្ចេកវិទ្យា ក៏ដូចជាធ្វើឲ្យប្រាកដថា ក្រុមហ៊ុនទាំងធំ និងតូច អាចប្រកួតគ្នាលើទីផ្សារឌីជីថល ដោយយុត្តិធម៌បំផុត។
សូមជម្រាបបន្ថែមថា តាំងពីបើកទំព័រឆ្នាំ២០២៤ សហភាពអឺរ៉ុប ចាប់ផ្ដើមការរឹតបន្តឹងខ្លាំងមែនទែន លើវិស័យទីផ្សារឌីជីថល ដោយបន្តដាក់ចេញនូវវិធានការជាច្រើន រឹតកលើក្រុមហ៊ុនធំៗទូទាំងសកលលោក ដែលរកស៊ីនៅលើវិស័យមួយនេះ ស្របពេលក្រុមហ៊ុន Apple ហាក់ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ពោលទើបនឹងត្រូវក្រសួងយុត្តិធម៌ប្ដឹងកាលពីសប្ដាហ៍មុន ដែលធ្វើឲ្យក្រុមហ៊ុនបាត់បង់ចំណូលរាប់ពាន់លានដុល្លារឯណោះ៕