រដ្ឋាភិបាលថៃ ចាប់ផ្តើមផ្តល់កញ្ចប់ជំនួយលើកដំបូង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសថៃ បានចាប់ផ្តើមធ្វើការបញ្ជូនជំនួយលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី២៥ ខែមីនាកន្លងទៅ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមមនុស្សធម៌ ក្នុងគោលបំណងស្វែងរកការចរចារវាងប្រទេសជិតខាងមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងការបរទេសថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កញ្ចប់ជំនួយសង្គ្រោះដំបូងដែលត្រូវបានផ្តល់ឲ្យនេះ រួមមានអង្ករចំនួន ៤ ០០០ ថង់ អាហារស្ងួត និងសម្ភារ:ប្រើប្រាស់ចំាបាច់ផ្សេងទៀត សម្រាប់មនុស្ស ២០​ ០០០ នាក់ ដែលត្រូវបានបញ្ជូនតាមរយ:ក្បួនរថយន្តកាកបាទក្រហមថៃ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅឯច្រកព្រំដែន Mae Sot-Myawaddy ។

គួរឲ្យដឹងផងដែរថា គម្រោងនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសន្តិភាពទូលំទូលាយ រៀបចំឡើងដោយប្រទេសថៃ ដើម្បីបង្កើតច្រករបៀងមនុស្សធម៌ និងត្រូវបានគាំទ្រដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានប្រទេសជាសមាជិកចំនួន ១០។

ជម្រាបជូនទៀតថា កញ្ចប់ជំនួយនេះ នឹងត្រូវយកទៅចែកចាយ នៅក្នុងទីតាំងសាកល្បងចំនួនបី ក្នុងរដ្ឋ Kayin របស់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានអង្កេតដោយទីភ្នាក់ងារមនុស្សធម៌ និងគ្រោះមហន្តរាយរបស់អាស៊ាន៕