ក្រុមហ៊ុនផលិតយន្តហោះ Boeing បានធ្វើការប្រកាសកាលពីថ្ងៃចន្ទ ទី២៥ ខែមីនាកន្លងទៅថា នាយកប្រតិបត្តិលោក Dave Calhoun នឹងចាកចេញពីតំណែងរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុនមួយនេះ កំពុងប្រឈមមុខទៅនឹងការត្រួតពិនិត្យខ្លាំងបំផុត ក្រោយកើតមានឧប្បត្តិហេតុទៅលើប្រព័ន្ធសុវត្ថិភាព និងបញ្ហាផលិតកម្ម។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន Reuters។
ក្រៅតែពីលោក Calhoun ដែលនឹងបន្តកាន់តំណែងរបស់ខ្លួនរហូតដល់ចុងឆ្នាំនេះ ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់អាមេរិក ក៏បានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមួយចំនួនទៀត ក៏នឹងត្រូវផ្លាស់ប្តូរ ផងដែរ។
គួរឲ្យដឹងផងដែរថា ជុំវិញការផ្លាស់ប្តូរបុគ្គលិកជាច្រើនរូបនេះ ត្រូវបានកើតឡើង បន្ទាប់ពីមានឧប្បត្តិហេតុកើតឡើងទៅលើក្រុមហ៊ុន Boeing កាលពីក្នុងខែមករា នៅពេលដែលទ្វារនៅលើតួយន្តហោះ Boeing 737 MAX 9 របស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានរបើក អំឡុងពេលហោះហើរនៅលើមេឃ។
ក្រោយឧប្បត្តិហេតុនេះ បានធ្វើឲ្យមានការរិះគន់ជាច្រើនទៅលើការអនុវត្ត ជុំវិញការផលិត និងការត្រួតពិនិត្យគុណភាពរបស់ក្រុមហ៊ុន Boeing ពីសំណាក់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ ដោយទុកពេលឲ្យ ៩០ថ្ងៃ ដើម្បីតម្រូវឲ្យក្រុមហ៊ុនផលិតយន្តហោះ Boeing ធ្វើការរៀបចំផែនការដោះស្រាយបញ្ហានេះ។
ជម្រាបជូនផងដែរថា ឧប្បត្តិហេតុដែលកើតមានឡើងក្នុងក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានធ្វើឲ្យ Boeing កាន់តែបាត់បង់កេរ្តិ៍ឈ្មោះរបស់ខ្លួន បន្ទាប់ពីការផ្អាកយន្តហោះ 737 MAX អស់រយៈពេល ២០ខែ ក្រោយការធ្លាក់ជាបន្តបន្ទាប់ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ៕