រដ្ឋាភិបាលរបស់ប្រទេសចិន បានធ្វើការប្តេជ្ញាកាលពីថ្ងៃចន្ទ ទី២៥ ខែមីនាកន្លងទៅថា ខ្លួននឹងធ្វើឲ្យមានភាពស្មើគ្នាចំពោះក្រុមហ៊ុនបរទេស ដូចទៅនឹងក្រុមហ៊ុននៅក្នុងស្រុកដែរ ក្នុងគោលបំណងដើម្បីជំរុញដល់ការវិនិយោគបរទេស និងធ្វើឲ្យមានភាពប្រសើរឡើងបន្ថែមទៀត នូវផលិតកម្មរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Guo Tingting បានលើកឡើងបែបនេះ នៅឯវេទិកាអភិវឌ្ឍប្រទេសចិន ក្នុងទីក្រុងប៉េកាំង និងបានសង្កត់ធ្ងន់ទៀតថា ៖”ប្រទេសចិន នឹងធានាយ៉ាងពេញលេញនូវការធ្វើឲ្យមានភាពស្មើគ្នាសម្រាប់ក្រុមហ៊ុនបរទេស ដូច្នេះក្រុមហ៊ុនបរទេសកាន់តែច្រើនអាចមកវិនិយោគនៅក្នុងប្រទេសចិន ប្រកបដោយទំនុកចិត្ត និងសន្តិភាពនៃផ្លូវចិត្ត” ។
គួរឲ្យដឹងផងដែរថា អស់ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនរបស់ប្រទេសលោកខាងលិច បានត្អូញត្អែរពីភាពមិនស្មើគ្នានៅក្នុងប្រទេសចិន ដែលជាទីផ្សារអ្នកប្រើប្រាស់ដ៏ធំ ហើយក៏ជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម និងសមាសធាតុជាសកលផងដែរ។
រដ្ឋាភិបាលរបស់ប្រទេសលោកខាងលិច ក៏បានសម្តែងការព្រួយបារម្ភអំពីការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនបរទេស ត្រូវបង្ខំចិត្តការបន្ថយខ្សែសង្វាក់ផ្គត់ផ្គង់ និងទៅធ្វើប្រតិបត្តិការ នៅឆ្ងាយពីប្រទេសចិនផងដែរ។
ជម្រាបជូនផងដែរថា ចាប់តាំងពីការដាក់ឲ្យដំណើរការរបស់ប្រទេសចិន នូវច្បាប់ប្រឆាំងចារកម្មដ៏ទូលំទូលាយ ក៏ដូចជាការហាមឃាត់ការចាកចេញ និងការវាយឆ្មក់ទៅលើក្រុមហ៊ុនក្រៅស្រុក បានធ្វើឲ្យលំហូរចូលនៃមូលនិធិបរទេសកាន់តែចុះខ្សោយ ស្របពេលការវិនិយោគផ្ទាល់ពីបរទេស ក្នុងប្រទេសចិន ក៏បានធ្លាក់ចុះយ៉ាងខ្លាំង កាលពីឆ្នាំមុនផងដែរ៕