សហព័ន្ធឧស្សាហកម្មថៃ (FTI) បានលើកឡើងថា ដោយសារតែផលិតកម្មរថយន្តភីកអាប់មានការធ្លាក់ចុះ ព្រមទាំងការនាំចូលរថយន្តអគ្គិសនីកាន់តែច្រើនឡើង ផលិតកម្មរថយន្តរបស់ប្រទេសថៃនៅក្នុងខែកុម្ភៈបានធ្លាក់ចុះ១៩,២៨% ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹមចំនួន ១៣៣ ៦៩០គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ក្នុងនោះអ្នកនាំពាក្យ FTI លោក Surapong Paisitpatanapong បាននិយាយថា ការលក់មានការធ្លាក់ចុះ ក៏អាចមកពីស្ថាប័នហិរញ្ញវត្ថុបានធ្វើការរឹតបន្តឹងច្បាប់ពាក់ព័ន្ធនឹងរថយន្តភីកអាប់ ម្យ៉ាងវិញទៀតលោកបានបន្ថែមថា នៅក្នុងខែកុម្ភៈ ការលក់រថយន្តនៅក្នុងប្រទេសថៃមានចំនួនសរុប ៥២ ៨៤៣គ្រឿង។
មិនត្រឹមតែប៉ុណ្ណោះ FTI បានព្យាករណ៍ដែរថា នៅក្នុងឆ្នាំ២០២៤ ការផលិតរថយន្តរបស់ថៃនឹងមានចំនួន ១,៩លានគ្រឿង ខណៈដែលឆ្នាំមុនប្រទេសមួយនេះផលិតបានចំនួន ១,៨៤លានគ្រឿង។
សូមជម្រាបបន្ថែមថា ប្រទេសថៃគឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងក៏ជាមូលដ្ឋាននាំចេញរបស់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនដូចជា Toyota និង Honda ជាដើម៕