កាលពីយប់ថ្ងៃទី២៦ ខែមីនា នាវាដឹកទំនិញដោតទង់ជាតិប្រទេសសិង្ហបុរី មានឈ្មោះថា DALI បានបើកបុកស្ពានដែក Francis Scott Key នៅទីក្រុង Baltimore បណ្ដាលឲ្យបាក់ស្ពាន បង្កជាគ្រោះថ្នាក់នឹកស្មានមិនដល់។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញថា ការបាក់ស្ពានមួយនេះ បានធ្វើឲ្យរថយន្ត និងមនុស្សដែលនៅលើស្ពានទាំងអស់ បានធ្លាក់ចូលក្នុងទឹក ហើយក្រុមប៉ូលិសក៏បានធ្វើការសង្គ្រោះភ្លាមៗផងដែរ ក៏ប៉ុន្តែមកទល់ពេលនេះ ពួកគេកំពុងស្វែងរកមនុស្សចំនួន ៦នាក់ផ្សេងទៀត ដែលកំពុងបាត់ខ្លួន។
ជម្រាបដែរថា មុនពេលកើតគ្រោះថ្នាក់នេះ បុគ្គលិកនាវាបានធ្វើការទាក់ទង និងផ្ដល់ព័ត៌មានទៅកាន់អាជ្ញាធរថា នាវាបានបាត់បង់ការគ្រប់គ្រង និងសុំឲ្យមានការអន្តរាគមន៍ជាបន្ទាន់ ហើយដោយសារទទួលបានដំណឹងនេះ ទើបក្រុមប៉ូលិសសម្រួលចរាចរណ៍ និងបានធ្វើការជម្លៀសប្រជាជនពីលើស្ពានមួយចំនួនធំ មុនបាក់ស្ពាន។
គួររំលឹកបន្តិចថា នាវាដឹកទំនិញមានឈ្មោះថា DALI គឺជានាវារបស់ក្រុមហ៊ុន Grace Ocean Co Pte Ltd ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី រកស៊ីលើការផ្ដល់សេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក និងបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ហើយមុនបើកបុកស្ពានដែកនៅអាមេរិកនេះ គឺពួកគេមានគោលដៅដឹកទំនិញទៅកាន់ប្រទេសស្រីលង្កា៕