មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយរូប បានដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីថ្ងៃទី២៥ ខែមីនា ដើម្បីជជែកពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន KCNA។
ប្រភពដដែលបានបន្ថែមថា លោក Kim Song Nam ប្រធាននាយកដ្ឋានអន្តរជាតិនៃគណបក្សពលករកូរ៉េខាងជើងបានជួបលោក Le Hoai Trung ប្រធានគណៈកម្មការទំនាក់ទំនងខាងក្រៅរបស់បក្សកុម្មុយនិស្តវៀតណាមនៅទីក្រុងហាណូយ និងបានចំណាយពេលជជែកគ្នាពេញមួយព្រឹកថែមទៀត។
ជាមួយគ្នា លោក Kim បានលើកឡើងពី “ការតស៊ូប្រឈមមុខដាក់គ្នា” របស់កូរ៉េខាងជើងជាមួយសហរដ្ឋអាមេរិក ខណៈដែលលោក Trung បានបង្ហាញពីជំហររបស់គណបក្សកាន់អំណាចវៀតណាម ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រជាជាតិទាំងពីរ។
មន្ត្រីជាន់ខ្ពស់ទាំង២ រូបនេះក៏បានយល់ព្រមពង្រីក និងពង្រឹងទំនាក់ទំនងនយោបាយ ធ្វើឱ្យកិច្ចសហប្រតិបត្តិការឡើងវិញក្នុងវិស័យផ្សេងៗ និងគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិផងដែរ។
សូមជម្រាបដែរថា កូរ៉េខាងជើងកំពុងព្យាយាមពង្រីកបណ្ដាញទំនាក់ទំនងនៅក្នុងតំបន់អាស៊ីជាខ្លាំង ពោលកាលពីសប្ដាហ៍មុនបានបញ្ជូនគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅចិន ខណៈសប្ដាហ៍នេះនៅប្រទេសវៀតណាម និងគ្រោងបន្តដំណើរទៅកាន់ប្រទេសឡាវថែមទៀត៕