គណៈប្រតិភូនៃការិយាល័យចារកម្មខាងក្រៅរបស់រុស្ស៊ី បានធ្វើទស្សនកិច្ចនៅរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង ចន្លោះថ្ងៃចន្ទ និងថ្ងៃពុធ ហើយបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងនឹងចារកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន KCNA នាព្រឹកថ្ងៃទី២៨ ខែមីនា។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានការិយាល័យ លោក Sergei E. Naryshkin និងរដ្ឋមន្ត្រីសន្តិសុខជាតិកូរ៉េខាងជើង លោក Ri Chang Dae បានជជែកគ្នាពីស្ថានភាពក្នុងតំបន់ និងជុំវិញពិភពលោក ដែលទាក់ទងនឹងប្រទេសទាំង២នេះ។
រដ្ឋមន្ត្រីជាន់ខ្ពស់តំណាងប្រទេសទាំង២ ក៏បានប្ដេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ ជាពិសេសគឺទប់ស្កាត់ទៅលើអំពើចារកម្ម ដែលបង្កឡើងដោយប្រទេសដែលជាសត្រូវផងដែរ។
សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ រុស្ស៊ី និងកូរ៉េខាងជើងកំពុងព្យាយាមរឹតចំណងមិត្តភាពខ្លាំងមែនទែន ពោលបន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន ទៅប្រទេសរុស្ស៊ី ក៏លេចលឺថា បុរសខ្លាឃ្មុំទឺកកក លោក វ៉្លាឌីមៀ ពូទីន ក៏មានគម្រោងបំពេញទស្សនកិច្ចទៅកូរ៉េខាងជើងនាពេលឆាប់ៗផងដែរ ដែលធ្វើឲ្យមហាអំណាចលោកខាងលិចហាក់មានការព្រួយបារម្ភជាខ្លាំង ដ្បិតប្រទេសទាំង២នេះ សុទ្ធតែជាមហាអំណាចនុយក្លេអ៊ែរ និងមានទំនាក់ទំនងមិនល្អជាមួយប្រទេសលោកខាងលិចឡើយ៕