កាលពីថ្ងៃទី២៧ ខែមីនា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មី លើប្រភពចំណូលដ៏ធំសម្រាប់វិស័យយោធារបស់កូរ៉េខាងជើង ដោយក្នុងនោះមានបុគ្គលចំនួន ៦នាក់ និងក្រុមហ៊ុនធំៗចំនួន ២ មានមូលដ្ឋាននៅប្រទេសរុស្ស៊ី និងសហព័ន្ធអារ៉ាប់រួម។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា បុគ្គលទាំង៦ រូបនោះគឺមានឈ្មោះថា Yu Pu Ung, Ri Tong Hyok, Han Chol Man, O In Chun, Jong Song Ho និង Jun Yon Gun ខណៈក្រុមហ៊ុន២ទៀតគឺ Alis LLC មានទីតាំងនៅប្រទេសរុស្ស៊ី និងក្រុមហ៊ុនPioneer Bencont Star Real Estate នៅអារ៉ាប់រួម។
លិខិតថ្លែងការណ៍ចេញដោយអាមេរិក និងកូរ៉េខាងត្បូងអះអាងថា ក្រុមហ៊ុនទាំង២ នេះ គឺជាកូនចៅរបស់ក្រុមហ៊ុន Chinyong Information Technology Cooperation Co ដែលជាប់ពាក់ព័ន្ធ នឹងកម្លាំងយោធារបស់កូរ៉េខាងជើង ហើយក៏ជាប្រភពចំណូលដ៏ធំរបស់វិស័យយោធាមហាអំណាចនុយក្លេអ៊ែរនេះផងដែរ។
បន្ថែមពីនោះ អាមេរិកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុន Chinyong គឺបានបញ្ជូនក្រុមបុគ្គលិក IT ដើម្បីធ្វើការនៅប្រទេសរុស្ស៊ី និងប្រទេសឡាវ ស្របពេលបុគ្គលឈ្មោះ Yu Pu Ung គឺជាអ្នកលាងលុយ និងទិញឧបករណ៍សំខាន់ៗ សម្រាប់ការផលិតគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។
សូមជម្រាបដែរថា ប៉ុន្មានខែចុងក្រោយនេះ អាមេរិក និងកូរ៉េខាងត្បូង ហាក់ព្យាយាមដាក់គំនាបខ្លាំងលើកូរ៉េខាងជើង ដ្បិតកាលពីដើមសប្ដាហ៍នេះ ទើបនឹងបង្កើតកងកម្លាំងថ្មីមួយរវាងប្រទេសទាំង២ ដើម្បីទប់ស្កាត់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ក្នុងការទិញប្រេងខុសច្បាប់ផងដែរ៕