ក្រុមហ៊ុនខ្នាតយក្សកូរ៉េខាងត្បូង LG Group កំពុងត្រៀមកញ្ចប់ទឹកប្រាក់ ១០០ទ្រីលានវ៉ុន ឬប្រមាណ ៧៤,៤ពាន់លានដុល្លារ ដើម្បីវិនិយោគនៅក្នុងប្រទេស សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។
យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា LG Group ត្រៀមចាយលុយដ៏ច្រើនបែបនេះ គឺដើម្បីធានាឲ្យបាននូវការប្រកួតប្រជែងទីផ្សារ ដែលកំពុងស្វិតស្វាញលើវិស័យបច្ចេកវិទ្យា AI បច្ចេកវិទ្យា បច្ចេកវិទ្យាសម្អាតបរិស្ថាន និងវិស័យរីកចម្រើនផ្សេងទៀតដូចជាថ្ម គ្រឿងបន្លាស់រថយន្ត និងគ្រឿងអេឡិចត្រូនិកជំនាន់ក្រោយជាដើម។
ទោះជាយ៉ាងណា ក្រុមហ៊ុនដ៏ធំមួយនេះ នៅមិនទាន់បង្ហាញលំអិតទាក់ទងនឹងផែនការចាយលុយវិនិយោគបែបណានោះទេ ដោយគ្រាន់តែអាចដឹងថា ការចំណាយលុយសារនេះ គឺជាកញ្ចប់ទឹកប្រាក់ធំបំផុតមួយរបស់ក្រុមហ៊ុន។
សូមជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន LG ហាក់មិនសូវមានភាពលេចធ្លោរខ្លាំង បើធៀបនឹងដៃគូប្រជែងធំៗដូចជា Samsung ឡើយ ដូច្នេះទើបពួកគេត្រូវតែបង្កើនការវិនិយោគ ដើម្បីដណ្ដើមចំណែកទីផ្សារបានខ្លះពីក្រុមហ៊ុនគូប្រជែងដទៃ៕