ឥណ្ឌាចំណាយប្រាក់ ៣,៧ពាន់លានដុល្លារ ដើម្បីធ្វើរបងតាមព្រំដែនជាមួយមីយ៉ាន់ម៉ា

អន្តរជាតិ

សារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃទី២៧ ខែមីនាថា ប្រទេសឥណ្ឌាគ្រោងនឹងចំណាយប្រាក់ជិត ៣,៧ពាន់លានដុល្លារក្នុងការធ្វើរបងព្រំដែនចម្ងាយ ១ ៦១០គីឡូម៉ែត្រជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីការពារការរត់ពន្ធខុសច្បាប់ និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពសុំមិនបញ្ចេញឈ្មោះបាននិយាយថា គណៈកម្មាធិការរដ្ឋាភិបាលកាលពីដើមខែ បានអនុម័តលើការចំណាយធ្វើរបងហ៊ុមព័ទ្ធតាមព្រំដែនរួចរាល់ហើយ ដោយក្នុងនោះក៏មានទាំងការសាងសង់ផ្លូវភ្លោះ និងផ្លូវលំប្រវែង ១ ៧០០គីឡូម៉ែត្រដែលតភ្ជាប់ពីមូលដ្ឋានយោធាទៅកាន់ព្រំដែនផងដែរ។ តែយ៉ាងណា ការអនុម័តនេះក៏ត្រូវរង់ចាំការយល់ព្រម ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី Narendra Modi មួយដំណាក់កាលទៀតសិន។

មួយវិញទៀតសោត ដោយសារតែត្រូវសាងសង់នៅលើសណ្ឋានដីភ្នំ ព្រមទាំងបំពាក់នូវបច្ចេកវិទ្យាការពារភាពច្រែះ និងតំឡើងឧបករណ៍ឆក់នោះ  របង និងផ្លូវតាមព្រំដែនជាមួយមីយ៉ាន់ម៉ាប្រវែងមួយគីឡូមែត្រ នឹងត្រូវចំណាយប្រាក់អស់ដល់ទៅជិត ១២៥លានរូពី ដែលច្រើនជាងទ្វេដងនៃការចំណាយត្រឹមតែ ៥៥លានរូពីក្នុងមួយគីឡូម៉ែត្រប៉ុណ្ណោះ ចំពោះការធ្វើរបងព្រំដែនជាមួយបង់ក្លាដែសកាលពីក្នុងឆ្នាំ២០២០ ។

គួររម្លឹកកាលពីដើមឆ្នាំ២០២៤ រដ្ឋាភិបាលក្រុងញូវដែលីក៏ធ្លាប់បានលើកឡើងថា ខ្លួននឹងធ្វើរបងបិទព្រំដែន ព្រមទាំងបញ្ចប់គោលនយោបាយលើកលែងទិដ្ឋាការ ដែលមានអាយុកាលរាប់ទសវត្សមកហើយជាមួយរបបយោធាមីយ៉ាន់ម៉ា  ដើម្បីធានាបាននូវសន្តិសុខផ្ទៃក្នុងរបស់ប្រទេស និងដើម្បីរក្សារចនាសម្ព័ន្ធប្រជាសាស្រ្ត នៃរដ្ឋដែលស្ថិតនៅភាគឦសានរបស់ប្រទេសឥណ្ឌា។

សូមជម្រាបបន្ថែមថា ចាប់តាំងពីកើតមានរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាកាលពីក្នុងឆ្នាំ២០២១  ជនស៊ីវិល និងទាហានមីយ៉ាន់ម៉ារាប់ពាន់នាក់ បានភៀសខ្លួនចូលមកកាន់រដ្ឋឥណ្ឌាជាហូរហែរ ដែលនេះបានធ្វើឲ្យទីក្រុងញូវដែលីកាន់តែព្រួយបារម្ភ អំពីហានិភ័យនៃការហូរចូលមកដល់កាន់តែច្រើនរបស់ជនចំណាកស្រុកមីយ៉ាន់ម៉ា៕