ក្រុមហ៊ុនធានារ៉ាប់រង ប្រឈមមុខនឹងការខាតបង់រាប់ពាន់លានដុល្លារ​ ជុំវិញករណីបាក់ស្ពាននៅ Baltimore

អន្តរជាតិ

យោងតាមក្រុមអ្នកវិភាគ បានលើកឡើងថា ​ឧបត្តិហេតុនាវាបុកបាក់ស្ពាន​ Francis Scott Key ក្នុងទីក្រុង Baltimore អាចនឹងធ្វើឲ្យក្រុមហ៊ុនធានារ៉ាប់រងខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ចំពោះការសងសំណងទៅលើការដឹកជញ្ជូន​ និងផលប៉ះពាល់ផ្សេងទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា​ មនុស្សចំនួន ៦នាក់​នៅតែបន្តបាត់ខ្លួន​​ បន្ទាប់ពីនាវាដឹកកុងតឺន័ររបស់ក្រុមហ៊ុនសិង្ហបុរីមួយ​ បានបុកបំផ្លាញស្ពានដ៏សំខាន់ក្នុងទីក្រុង Baltimore និងថែមទាំងបានបណ្តាលឲ្យមានការបិទផ្លូវចរាចរណ៍កប៉ាល់នៅក្នុងកំពង់ផែដ៏មមាញឹកបំផុតមួយរបស់សហរដ្ឋអាមេរិក​ ផងដែរ។

ទន្ទឹមនឹងនេះ​ នៅពេលដែលមិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយ​ ជុំវិញការបើកដំណើរការកំពង់ផែ Baltimore ឡើងវិញនៅពេលណានោះ​ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមអ្នកវិនិយោគ ឥឡូវនេះ​ កំពុងធ្វើការវាយតម្លៃអំពីទំហំនៃការខាតបង់​ ដោយសារតែផលប៉ះពាល់ជាច្រើន រូួមមានផ្នែកអចលនទ្រព្យ ទំនិញតាមផ្លូវសមុទ្រ ទំនួលខុសត្រូវ ឥណទានពាណិជ្ជកម្ម​ និងផលរំខានអាជីវកម្មដែលពាក់ព័ន្ធផ្សេងទៀត​ផងដែរ។

លើសពីនេះ លោក Marcos Alvarez នាយកគ្រប់គ្រងលើការវាយតម្លៃធានារ៉ាប់រងសកល នៅក្រុមហ៊ុន Morningstar DBRS បាននិយាយថា ៖”ការខាតបង់គឺអាស្រ័យលើរយៈពេលនៃការកកស្ទះ និងលក្ខណៈនៃការធានារ៉ាប់រងជុំវិញការរំខានដល់អាជីវកម្ម នៅកំពង់ផែ Baltimore ហើយចំពោះទំហំនៃការខាតបង់​ ដែលក្រុមហ៊ុនធនារ៉ាប់រង​​ ត្រូវប្រឈមមុខ​ អាចមានច្លោះពី ២ពាន់លានដុល្លារទៅ ៤ពាន់លានដុល្លារ”៕