ក្រុមហ៊ុនស្មាតហ្វូនកំពូលរបស់ប្រទេសចិន Xiaomi បានធ្វើការប្រកាសដាក់លក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួន នៅក្នុងតម្លៃចាប់ផ្តើមពី ២១៥ ៩០០យ៉ន់ ឬស្មើទៅនឹងប្រមាណ ២៩ ៨៦៩ដុល្លារ សម្រាប់ទីផ្សារនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi លោក Lei Jun បាននិយាយថា សម្រាប់ម៉ូដែលស្តង់ដាររបស់ក្រុមហ៊ុន គឺ SU7 នឹងមានតម្លៃ ២១៥ ៩០០យ៉ន់ ខណ:ពេលដែលម៉ូដែល SU7 Pro នឹងមានតម្លៃ ២៤៥ ៩០០យ៉ន់ (៣៤ ០២០ដុល្លារ) និងម៉ូដែល SU7 Max មានតម្លៃ ២៩៩ ៩០០យ៉ន់ (៤១ ៤៩១ដុល្លារ) ។
គួរឲ្យដឹងទៀតថា តាមសម្តីរបស់លោក Lei ដែលបាននិយាយនៅក្នុងបណ្តាញសង្គម Weibo បានអះអាងថា ចំពោះម៉ូដែលស្តង់ Xiaomi SU7 អាចមានសមត្ថភាពរត់បានចម្ងាយរហូតដល់ទៅ ៧០០ គីឡូម៉ែត្រ ចំពោះការសាកអាគុយពេញម្តង ពោលគឺអាចរត់បានឆ្ងាយជារថយន្ត Model 3 របស់ក្រុមហ៊ុន Tesla ទៅទៀត។
ជម្រាបជូនទៀតផងដែរថា ចំពោះការកំណត់តម្លៃរថយន្តរបស់ខ្លួន នៅក្រោម ៥០០ ០០០យ៉ន់ នេះហាក់ដូចជាក្រុមហ៊ុន Xiaomi កំពុងដាក់គោលដៅធំទៅលើអ្នកប្រើប្រាស់ នៅក្នុងទីផ្សារដែលកំពុងតែមានការប្រជែងប្រជែងខ្លាំង ដោយសារតែតម្លៃនេះ គឺទាបជាងឆ្ងាយពីរថយន្តរបស់ក្រុមហ៊ុន Porsche ម៉ូដែល Taycan ដែលមានតម្លៃចាប់ពី ៨៩០ ០០០យ៉ន់ (១២៤ ២៤៨ដុល្លារ) រួមទាំងរថយន្ត Model S របស់ក្រុមហ៊ុន Tesla ដែលមានតម្លៃចាប់ពី ៦៩៨ ៩០០យ៉ន់ (៩៦ ៧០០ដុល្លារ)៕