រដ្ឋាភិបាលនៃប្រទេសថៃ កំពុងពិចារណាលើសេចក្ដីព្រាងច្បាប់កាស៊ីណូ ហើយបើសិនជាត្រូវបានអនុម័តដោយសភា វានឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាមិនខាត។ នេះបើតាមសម្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ដោយសារព័ត៌មាន Reuters។

ផលប្រយោជន៍ជាច្រើនដែលលោក Srettha ចង់ផ្ដោតទៅលើនោះគឺមានដូចជា បង្កើតឱកាសការងារបន្ថែមដល់ប្រជាជន បង្កើនប្រាក់ចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធ ក៏ដូចជាមានផែនការបង្កើតទីក្រុងកម្សាន្តដ៏ធំមួយ ស្រដៀងនឹងទីក្រុងម៉ាកាវថែមទៀត។
ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅតំបន់អាស៊ានមួយនេះ កំពុងរិះរកគ្រប់មធ្យោបាយ ដើម្បីអូសទាញភ្ញៀវទេសចរណ៍ និងការបណ្ដាក់ទុនពីបរទេស ហើយក្នុងនោះកាស៊ីណូ គឺជាមធ្យោយបាយល្អបំផុតមួយ ស្របពេលក្រុមអ្នកជំនាញយល់ថា ការបង្កើតកាស៊ីណូស្របច្បាប់នៅថៃ នឹងទទួលបានភាពជោគជ័យធំធេងជាមិនខាន។
សូមជម្រាបដែរថា បច្ចុប្បន្នល្បែងស៊ីសងស្របច្បាប់នៅប្រទេសថៃ គឺមានតែការភ្នាល់សេះប្រណាំង និងការចាក់ឆ្នោត ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ខណៈល្បែងស៊ីសងខុសច្បាប់ដូចជា កាស៊ីណូក្រោមដី និងការភ្នាក់បាល់ គឺមានភ្លូកទឹកភ្លូកដី ហើយបង្ក្រាបមិនចេះអស់នោះឡើយ៕