ម៉ាឡេស៊ី ពិចារណាពង្រីកគម្រោងផ្លូវដែកតម្លៃជាង ១០ពាន់លានដុល្លារ ទៅជិតព្រំដែនថៃ

អន្តរជាតិ

រដ្ឋាភិបាលម៉ាឡេស៊ី កំពុងពិចារណាក្នុងការពង្រីកគម្រោងផ្លូវដែករបស់ខ្លួន ដែលមានតម្លៃប្រមាណ ៥០ពាន់លានរីងហ្គីត (១០,៦ពាន់លានដុល្លារ) ទៅជិតច្រកព្រំដែនរបស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke បានបង្ហាញឲ្យដឹងទៀតថា​ រដ្ឋាភិបាលម៉ាឡេស៊ី កំពុងបើក​ចំហ​ក្នុងការតភ្ជាប់ផ្លូវដែក East Coast Railway Link (ECRL) ទៅកាន់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់ប្រទេសថៃដែលមានស្រាប់ ឬគ្រោងនឹងសាងសង់។

លើសពីនេះ លោក Loke បាននិយាយប្រាប់ទៅកាន់សភាម៉ាឡេស៊ីជុំវិញគម្រោងនេះថា ៖”ទំនាក់ទំនងរវាងម៉ាឡេស៊ី និងថៃ មិនមែនជាការប្រកួតប្រជែងគ្នានោះឡើយ។ ប្រទេសទាំងពីរប្រឈមមុខនឹងបញ្ហានយោបាយ និងសេដ្ឋកិច្ច ដែលអាចដោះស្រាយជាមួយគ្នាបាន ហើយផ្នែកសំខាន់បំផុតមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺការតភ្ជាប់ព្រំដែន”។

គួរឲ្យដឹងផងដែរថាគម្រោងផ្លូវដែក ECRL ដែលនឹងត្រូវតភ្ជាប់រវាងឆ្នេរសមុទ្រភាគខាងលិច និងខាងកើតរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៧ ខណ:ចំណតចុងក្រោយរបស់ផ្លូវដែក ECRL បច្ចុប្បន្ននេះ គឺនៅត្រឹមក្រុង Kota Bharu ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីច្រកព្រំដែនថៃក្នុងខេត្ត Narathiwat៕